រដ្ឋបាលខេត្តមណ្ឌលគិរី ប្រជុំត្រួតពិនិត្យការងារត្រៀមទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមលក្ខណៈទទួលបដិសណ្ឋារកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក-លោកស្រីនាយក និងនាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង០៥ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត ដោយប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមកិច្ចប្រជុំក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរ និងសមាជិកអនុគណៈកម្មាធិការពាក់ព័ន្ធ ដើម្បីរួមពិនិត្យ ផ្តល់យោបល់ និងសម្របសម្រួលការងារត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធានាឱ្យការទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់នេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន សុវត្ថិភាព សណ្តាប់ធ្នាប់ និងជោគជ័យ សក្តិសមនឹងកិត្តិយស និងមោទនភាពរបស់ខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការត្រួតពិនិត្យផែនការត្រៀមលក្ខណៈ និងការបែងចែកភារកិច្ចជាក់លាក់ដល់អនុគណៈកម្មាធិការនីមួយៗ ដើម្បីធានាថា ការទទួលបដិសណ្ឋារកិច្ច និងការរៀបចំកម្មវិធីនានា ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសមស្របតាមពិធីការជាតិ។

អនុគណៈកម្មាធិការនានា បានរាយការណ៍អំពីវឌ្ឍនភាព និងផែនការត្រៀមលម្អិត រួមមាន ការងារពិធីការ និងទទួលបដិសណ្ឋារកិច្ច ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងាររៀបចំទីតាំង និងបរិស្ថាន ការងារសុខាភិបាល និងសង្គ្រោះបន្ទាន់ ការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ការងារចរាចរណ៍ ការងារភស្តុភារ និងការគាំទ្របច្ចេកទេស ព្រមទាំងការងារអនាម័យ និងសោភ័ណភាពទីក្រុង។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មាធិការទាំងអស់ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់លើគ្រប់ព័ត៌មានលម្អិត និងត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ និងផែនការបម្រុងឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថា ការទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់នេះ នឹងប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយកិត្តិយស និងកិត្យានុភាព សក្តិសមជាខេត្តមានសក្តានុពល និងមានសាមគ្គីភាពរឹងមាំ។

កិច្ចត្រៀមនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់៕







Powered by Blogger.