យោធាអាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីស្ងាត់ជិតមួយសប្ដាហ៍

វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ជាការសងសឹកទៅនឹងទីក្រុងតេហេរ៉ង់សម្រាប់ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី។

នេះជាការវាយប្រហារតាមផ្លូវអាកាសជាលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ បន្ទាប់ពីមានការផ្អាកការវាយប្រយុទ្ធគ្នាជិតមួយសប្ដាហ៍មកនេះ។ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាមួយត្រូវបានធ្វើឡើងជាការសងសឹកទៅនឹងការប៉ុនប៉ងកាលពីថ្ងៃពុធរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារលើកងកម្លាំងអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហារជាថ្មីនេះដែរធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ គំរាមវាយអ៊ីរ៉ង់ឱ្យទ្រោម។

សូមជម្រាបថា អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានប្រកាសពីបើកប្រតិបត្តិការវាយប្រហាររួមគ្នាប្រឆាំងនឹងទីតាំងរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ស្របពេលអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានចោទប្រកាន់ថាក្រុមហេសបូឡាគាំទ្រដោយ អ៊ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសលីបង់ថាបានបំពានលើបទឈប់បាញ់៕ (AFP)



 

Powered by Blogger.