ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល មានគោលនយោបាយច្បាស់លាស់ ជួយស្តារជីវភាពជនភៀសសឹក
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ ក្នុងការជួយស្តារឡើងវិញ នូវជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា ថ្លែងថា គិតមកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀតនៅតែមិនទាន់អាចវិល ត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែស្ថានភាព មិនទាន់អំណោយផលពីព្រោះតែការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូរកុងតឺន័រ និងរាយបន្លាលួសដើម្បីបិទផ្លូវ ឬផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ។ឯកឧត្តមអ្នកនាំពាក្យ បន្តថា “រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ ក្នុងការជួយស្តារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក ។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ សុទ្ធតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅរបស់ពួកគេឡើងវិញ” ។
ឯកឧត្តម បន្ថែមថា ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់មើលការខុសត្រូវ និងដោះស្រាយបញ្ហាប្រឈមនានា ដែលពួកគេជួបប្រទះសំដៅជួយសម្រួល និងរក្សាលំនឹងជីវភាពរបស់ពួកគេ។ ចំណែកពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្តោះអាសន្ននៅ «ភូមិរង់ចាំ» ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាន។
ឯកឧត្តម ប៉ែន បូណា សង្កត់ធ្ងន់ថា អំឡុងពេលស្នាក់នៅបណ្តោះអាសន្ន ពលរដ្ឋភៀសសឹកបានទទួលការយកចិត្តទុកដាក់មើលថែទាំងពីសំណាក់រាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ រួមទាំងមហាជន និងសប្បុរសជនគ្រប់ទិសទី ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយដោយគ្មានពលរដ្ឋណាម្នាក់ដែលត្រូវទទួលរងនូវការបោះបង់ឱ្យនៅឯកានោះឡើយ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ៕

Post a Comment