រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្នើឲ្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីការផ្អាកអនុវត្តមួយរយៈ ដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា។

យោងតាមសំណើរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ នឹងផ្តោតជាសំខាន់លើភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។ គោលដៅសំខាន់គឺផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្ដុប ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោងខុសបច្ចេកទេស។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីហេតុផលនៃការស្នើនេះថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឲ្យព្រួយបារម្ភ ក្រោយពីការផ្អាកការរឹតបន្តឹងច្បាប់កន្លងមក៕







 

Powered by Blogger.