ក្រសួងសុខាភិបាល ក្រើនរំលឹកពីការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងបញ្ជូនអ្នកជំងឺមកព្យាបាល នៅមន្ទីរពេទ្យ ឱ្យទាន់ពេលវេលា
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ក្រើនរំលឹក ជូនសាធារណជន ស្ដីពីការបង្ការជំងឺគ្រុនឈាម ក្នុងអំឡុងពេលរដូវវស្សាជាទូទៅ ធ្វើឱ្យមានការកើនឡើងវត្ថុដក់ទឹក ដែលជាកន្លែងបង្កបង្កើតកូនចៅមូសខ្លា។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសកម្ពុជាយើង កំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅ (El Niño) អាចធ្វើឱ្យមានការកើនឡើងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក រួមទាំងកម្ពុជា ។ ស្ថានភាពនេះ អាចធ្វើឱ្យមានការកើនឡើងចំនួនមូសខ្លា និងជំងឺ គ្រុនឈាម ដែលទាមទារឱ្យមានការចូលរួម យ៉ាងសកម្មពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍។តាមការសិក្សាស្រាវជ្រាវ សត្វមូសខ្លាចូលចិត្តរស់នៅកន្លែងទឹកដក់នៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកង់ ឡាន/កង់ម៉ូតូទុកចោលពាសវាលពាសកាល ត្រឡោកដូង កែវ ចានជ័រ/ស្ងោរ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។ សត្វមូសខ្លា ចូលចិត្តសំងំលាក់ខ្លួននៅក្នុងទីកន្លែងងងឹតៗ ឬមិនសូវមានពន្លឺថ្ងៃចូលដល់។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល ថា «សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំង អស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរស្រប នឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក» ព្រមទាំងអនុវត្តនូវ វិធានការអន្តរាគមន៍ ប្រកបដោយភាពទទួលខុសត្រូវនិងស្មារតីខ្ពស់ ដើម្បីការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ »៕



Post a Comment