ប្រមុខការទូតកម្ពុជា៖ ឆ្នាំ២០២៦ គឺជាឆ្នាំដ៏មានអត្ថន័យវិសេសវិសាលបំផុតសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង នៅនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំ២០២៦នេះគឺជាឆ្នាំដ៏មានអត្ថន័យវិសេសវិសាលបំផុតសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ដោយកម្ពុជាមានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែងក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចថា ក្នុងឆ្នាំនេះដែរ
កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងដ៏សំខាន់សម្រាប់ សហគមន៍ហ្រ្វង់កូហ្វូនី
ដែលមានសមាជិក៩០ប្រទេស ផ្សារភ្ជាប់គ្នាតាមរយៈការប្រើប្រាស់ភាសាបារាំង
គុណតម្លៃរួមនៃសាមគ្គីភាព ការបើកទូលាយ កិច្ចសន្ទនា ភាពចម្រុះនៃវប្បធម៌
កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕

Post a Comment