ក្រុមហ៊ូទីនៅយេម៉ែន ប្រកាសបិទខ្ទប់ផ្លូវសមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត
ឌូបៃ៖ អ្នកនាំពាក្យយោធានៃក្រុមឧទ្ទាមហ៊ូទី (Houthis) នៅប្រទេសយេម៉ែន ដែលមាននិន្នាការគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទថា ពួកគេនឹងចាប់ផ្តើមអនុវត្តការបិទខ្ទប់ដែនសមុទ្រប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដោយចូលជាធរមានភ្លាមៗតែម្តង។
ក្រុមសកម្មប្រយុទ្ធមួយនេះបានបញ្ជាក់ថា
ការប្រកាសបិទខ្ទប់ដែនសមុទ្រនេះ គឺជាការអនុវត្តតាមគោលការណ៍ «ភ្នែកសងភ្នែក» ដើម្បីឆ្លើយតបទៅនឹងការឡោមព័ទ្ធដ៏អយុត្តិធម៌របស់អារ៉ាប៊ីសាអូឌីតមកលើប្រជាជនយេម៉ែន
អស់រយៈពេលជិត ១២ឆ្នាំមកនេះ។ ក្រុមហ៊ូទីបានចោទប្រកាន់ទីក្រុងរីយ៉ាដ (Riyadh)
ថាបានប្លន់យកធនធាន និងបិទខ្ទប់កំពង់ផែ
ព្រមទាំងអាកាសយានដ្ឋានរបស់យេម៉ែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន
ក្រុមហ៊ូទីបានបាញ់មីស៊ីលទៅលើទឹកដីអារ៉ាប៊ីសាអូឌីត បន្ទាប់ពីចោទប្រកាន់ថាព្រះរាជាណាចក្រមួយនេះ
បានទម្លាក់គ្រាប់បែកលើអាកាសយានដ្ឋានដែលពួកគេគ្រប់គ្រង។ ការប៉ះទង្គិចគ្នានេះ
បានបំបែកបទឈប់បាញ់ក្រៅផ្លូវការរយៈពេល ៤ឆ្នាំ រវាងភាគីទាំងពីរ
ដែលធ្លាប់បានអនុវត្តតាំងពីខែមីនា ឆ្នាំ២០២២មក
បន្ទាប់ពីក្រុមហ៊ូទីបានផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត៕ (Reuters)
Post a Comment