សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មសិទ្ធិស្របច្បាប់លើដីធ្លី គឺជាមូលដ្ឋាននៃជីវិត

ខេត្តកណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កម្មសិទ្ធិស្របច្បាប់លើដីធ្លី គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣០៦៧បណ្ណសម្រាប់ឃុំជ័យធំ ឃុំរកាជន្លឹង និង ឃុំពុកឫស្សី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្តាល ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា រដ្ឋាភិបាលកំពុងបន្តធ្វើការវាស់វែង ការកំណត់ព្រំ ការចុះបញ្ជីក្បាលដី និងការចែកបណ្ណដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ ខណៈទិសដៅរបស់រដ្ឋាភិបាលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខនេះ ដូច្នេះត្រូវខិតខំធ្វើឱ្យបានដែលនេះគឺជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល។

សម្ដេចធិបតី បន្តថា ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ រដ្ឋាភិបាលបានវាស់វែងដីធ្លីបន្ថែមជូនប្រជាពលរដ្ឋបានចំនួន ៦,៣ លានក្បាលដី ហើយបើសរុបតាំងពីអាណត្តិមុនមកដល់ពេលនេះ មានចំនួន ១៤ លានក្បាលដី និងបានចេញបណ្ណសម្គាល់ដីធ្លីបន្ថែមចំនួន ២, ៦ លានបណ្ណ ដូច្នេះបើសរុបចាប់តាំងពីអាណត្តិមុនមកដល់ពេលនេះ រដ្ឋាភិបាលបានចេញបណ្ណសម្គាល់ដីធ្លីជូនពលរដ្ឋជិត ១០លានបណ្ណ និងបានចែកវិញ្ញាបនបត្រជូនពលរដ្ឋបានជិត ៩លានបណ្ណ ស្មេីនឹង ៨៦ភាគរយនៃក្បាលដីសរុបទូទាំងប្រទេស




Powered by Blogger.