ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យសិក្ខាកាមសាលាភូមិន្ទរដ្ឋបាល យកចំណេះដឹងទៅបម្រើពលរដ្ឋឱ្យកាន់តែប្រសើរ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានក្រើនរំលឹកដល់សិស្សមន្ត្រី និងសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ឱ្យយកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាល ទៅអនុវត្តជាក់ស្តែងនៅតាមស្ថាប័នរៀងៗខ្លួន ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ការលើកឡើងនេះ
ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦
នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី៨ ខែកក្កដា
ឆ្នាំ២០២៦។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី
ដែលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងទៅកាន់អង្គពិធី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា
រាជរដ្ឋាភិបាលតែងតែចាត់ទុកមន្ត្រីរាជការជា «ទុន ឬ
ទ្រព្យសកម្ម» ដ៏សំខាន់ ដែលត្រូវតែទទួលបានការវិនិយោគ
និងបណ្តុះបណ្តាលជាប្រចាំ ទាំងលើចំណេះដឹង ជំនាញ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងន័យនេះ ឯកឧត្តមបានជំរុញឱ្យសិស្សមន្ត្រីទាំងអស់
ដែលជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា នៅពេលត្រឡប់ទៅបំពេញការងារវិញ
ត្រូវយកចំណេះដឹងទៅជួយលើកកម្ពស់សមត្ថភាពស្ថាប័ន
និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
ជាពិសេសគឺការធ្វើឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនេះ
ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់របស់សាលាភូមិន្ទរដ្ឋបាល
ដែលមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងតាមរយៈការបណ្តុះបណ្តាលប៉ុណ្ណោះទេ
ប៉ុន្តែជាសាលាដែលជួយបណ្តុះឧត្តមគតិ និងតម្រង់ផ្នត់គំនិតដល់មន្ត្រីរាជការ
ឱ្យយល់ច្បាស់ពីតួនាទី និងការទទួលខុសត្រូវ។ ឯកឧត្តមបានបន្តថា ចំណេះដឹង
និងបទពិសោធន៍ថ្មីៗដែលទទួលបានពីសាលា
គឺជាទ្រព្យដ៏មានតម្លៃដែលនឹងជួយឱ្យមន្ត្រីទទួលបានជោគជ័យក្នុងអាជីពការងារ
ដោយផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងសមធម៌។
ជាទីបញ្ចប់
ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា
អ្នកដែលបានឆ្លងកាត់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល គឺជាមូលធនមនុស្សដ៏មានសក្តានុពល
ដែលនឹងក្លាយជាអ្នកដឹកនាំល្អ មានមនសិការវិជ្ជមាន
និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន
និងនាពេលអនាគត៕








Post a Comment