សហរដ្ឋអាមេរិក បន្តវាយអ៊ីរ៉ង់ អ៊ីរ៉ង់បន្តវាយកូវ៉ែត និងបារ៉ែន

អង់ការ៉ា៖ យោធាអាមេរិក នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកការវាយប្រហារថ្មីមួយទៀតលើអ៊ីរ៉ង់ ក្នុងគោលបំណងបើកចំហច្រកសមុទ្រ Hormuz តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់​ គឺបានឈានដល់ទីបញ្ចប់ហើយ។

ការវាយប្រហារជុំចុងក្រោយបំផុតនេះដែលសហរដ្ឋអាមេរិកអះអាងថាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានបង្កស្នូរផ្ទុះក្នុងទីក្រុងជាច្រើនស្ថិតនៅតាមបណ្ដោយឆ្នេរភាគខាងត្បូង និងធ្វើឱ្យតំបន់ជាច្រើនដាច់ចរន្តអគ្គិសនី។

ក្នុងការបង្ហោះមួយលើបណ្ដាទំនាក់ទំនងសង្គម X ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM បានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំង CENTCOM បានបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីបំបាក់សមត្ថភាពរបស់ពួកគេកុំឱ្យបន្តគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរក្នុងតំបន់ច្រកសមុទ្រ Hormuz»

លោក ដូណាល់ ត្រាំ ក្នុងការបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ក៏បានលើកឡើងដែរថាការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្ម ហើយប្រសិនបើការវាយប្រហារបែបនេះកើតឡើងសាជាថ្មី នោះសហរដ្ឋអាមេរិកនឹងវាយប្រហារកាន់តែខ្លាំងក្លាប្រឆាំងអ៊ីរ៉ង់។

ប៉ុន្តែអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ បានបើកការវាយប្រហារលើគោលដៅក្នុងប្រទេសបារ៉ែន និងកូវ៉ែត បន្ទាប់ពីរងការវាយប្រហារពីសហរដ្ឋអាមេរិក។ អ៊ីរ៉ង់បានព្រមានថា ប្រទេសក្នុងតំបន់ដែលសម្រួលដល់ការវាយប្រហាររបស់សហរដ្ឋអាមេរិក នឹងក្លាយជាគោលដៅវាយប្រហារពីអ៊ីរ៉ង់។

សូមជម្រាបថា ថ្លែងចេញពីរដ្ឋធានីអង់ការ៉ានៃប្រទេសតួកគីយ៉េកាលពីថ្អៃអង្គារ មុនការបើកកិច្ចប្រជុំកំពូលរបស់អង្គការ NATO លោក ត្រាំ បាននិយាយថា អនុស្សរណៈយោគយល់ ដែលត្រូវបានចុះហត្ថលេខា ជាមួយអ៊ីរ៉ង់កាលពីខែមិថុនា ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពផ្លូវការចុងក្រោយមួយនោះ គឺបានឈានដល់ទីបញ្ចប់ហើយ ហើយលោកមិនចង់ធ្វើប្រាស្រ័យទាក់ទងជាមួយទីក្រុងតេហេរ៉ង់ទៀតទេ៕ (Reuters)



 

Powered by Blogger.