អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​

ខេត្តសៀមរាប៖ ក្រុមការងារជំ​នាញ​នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលកាំជណ្តើរ និងច្រាំងស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ដើម្បីសង្គ្រោះរចនាសម្ព័ន្ធបុរាណ ដែលកំពុង​​រងការខូចខាត និងលើកតម្លៃទេសភាពឡើងវិញ។ ដំណើរការជួសជុល​ដំណាក់កាលទី៦នេះ ​បាន​ចាប់ផ្តើមតាំង​​ពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោង​នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ។

លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រុមការងាររបស់លោកស្រី កំពុងជួសជុលកាំជណ្ដើរ និងច្រាំងស្រះទឹកខាងជើង​របស់​ប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី៦ ដែលមានប្រវែង ៥៦ម៉ែត្រ ជាដំណាក់កាលបញ្ចប់។
បច្ចុប្បន្ន​នេះ ​រចនា​សម្ព័ន្ធ​ស្រះ​ទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត បាន​​រងការខូចខាត​ មានកំណកដីច្រើន ធ្វើឱ្យបាត់​រូបរាងដើម​របស់ស្រះ កាំជណ្តើរស្រះជាច្រើនក៏កប់បាត់​ក្នុងដី ថ្មច្រាំងខ្លះ​ក៏​ខូចខាត​ដោយសារតែ​បៀមទឹក ធ្វើឱ្យថ្មឆាប់ពុកផុយ ថែមទាំង​រង​កម្តៅថ្ងៃជាមួយនិង​ទឹក​​ក្តៅ​សើម​ៗ បណ្តាល​ឱ្យ​ថ្មភក់​​ងាយ​នឹង​បាក់បែក។ កន្លែង​ខ្លះ​បាន​បាត់​ថ្ម ធ្វើ​ឱ្យ​មាន​ចន្លោះ​​​ប្រហោង ជាហេតុ​​បណ្តាល​ឱ្យ​ទឹក​ហូរ​នាំ​ដី​ច្រោះ​ចូល​ទៅ​ក្នុង​ស្រះក៏មាន​​។
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានប្រើបច្ចេកទេសជួសជុល ដំបូងដោយ​​រុះ​រើ​ថ្ម​ជាស្រទាប់ៗ ហើយ​រំកិល​ទៅ​ដាក់នៅ​ទីតាំង​ផ្សេង ដើម្បី​ងា​យ​ស្រួល​ក្នុង​ការ​ជួសជុល បន្ទាប់មកត្រូវក្រាលស្បៃ ដែលមានតួនាទីសំខាន់ណាស់​ក្នុងការជួយទប់ដីកុំឱ្យហូរច្រោះ។
ការ​ជួសជុល​ពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​ការងារ​​ស្រាវ​ជ្រាវ​​តាំង​ពី​​ឆ្នាំ​២០១៩​មក។ ​មុន​នឹងធ្វើការជួសជុល​ដំណាក់កាលនីមួយៗ គឺ​ក្រុម​អ្នក​ជំនាញ​​ បាន​​រៀបចំការងារ​ជាច្រើន ដូចជា​ កំណាយ​សិក្សាស្រាវជ្រាវពី​ស្ថានភាព​ដើម​របស់​វា រួច​សម្រង់​ប្លង់​គ្រប់​ជ្រុងជ្រោយ សិក្សា​ប្លង់ រៀបចំឯកសារឆ្លងគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីការគាំទ្រ ហើយមុនជួសជុលគណៈកម្មាធិការICC-Angkor/Sambor Prei Kuk ក៏​បានតម្រូវឱ្យសិក្សារចនាសម្ព័ន្ធ និងវិភាគការខូចខាតជាមុនផងដែរ៕












Powered by Blogger.