រដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រៀមជួបប្រជុំក្រៅផ្លូវការជាមួយសមភាគីមីយ៉ាន់ម៉ា នៅចុងសប្តាហ៍នេះ
ហាណូយ៖ ក្រសួងការបរទេសថៃ និងវៀតណាម បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកអាស៊ាន (ASEAN) នឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅក្នុងទីក្រុងបាងកក នាថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ។
ជំនួបនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលគាំទ្រដោយយោធាថ្មីរបស់មីយ៉ាន់ម៉ា
ដែលទើបឡើងកាន់អំណាចក្រោយការបោះឆ្នោតកាលពីដើមឆ្នាំ
កំពុងព្យាយាមស្វែងរកការលុបចោលបម្រាមប្រឆាំងនឹងមេដឹកនាំរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម
ធូហាំង (Pham
Thu Hang) បានបញ្ជាក់ថា
ជំនួបនៅបាងកកនេះគឺជាឱកាសដ៏ល្អសម្រាប់ប្រមុខការទូតអាស៊ាន ក្នុងការផ្លាស់ប្តូរទស្សនៈដោយផ្ទាល់
ពង្រឹងកិច្ចសហប្រតិបត្តិការ
និងជំរុញកិច្ចសន្ទនាផ្សះផ្សាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
គួររំលឹកថា កន្លងមក
ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវបានអាស៊ានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលនានាឡើយ
បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។
សូមជម្រាបថា កាលពីខែឧសភា
រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង ១១ប្រទេស
បានយល់ព្រមរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយអ្នកការទូតកំពូលមីយ៉ាន់ម៉ា។
ថ្វីត្បិតតែអាស៊ានធ្លាប់កាត់ផ្តាច់ទំនាក់ទំនងជាមួយរបបយោធាមីយ៉ាន់ម៉ា
ដោយសារមិនព្រមអនុវត្ត «កិច្ចព្រមព្រៀងជាឯកច្ឆន្ទ
៥ចំណុច» ក្តី
ប៉ុន្តែបច្ចុប្បន្នប្រទេសសមាជិកមួយចំនួនបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនបណ្តើរៗហើយ។
ជាក់ស្តែង ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) ទើបតែបានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវកាលពីសប្តាហ៍មុន
ដែលជាដំណើរទស្សនកិច្ចដំបូងបំផុតទៅកាន់ប្រទេសសមាជិកអាស៊ាន
ចាប់តាំងពីលោកឡើងកាន់តំណែងស៊ីវិលថ្មីនេះ៕

Post a Comment