សម្តេចធិបតី នឹងផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៌មាន Bloomberg ដែលមានអ្នកទស្សនាជាង៤០០លាននាក់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយសារព័ត៌មានអាមេរិក Bloomberg ដើម្បីលើកមុខមាត់កម្ពុជាយើងនៅលើពិភពលោក ហើយលោកផ្ទាល់ក៏នឹងផ្តល់កិច្ចសម្ភាសពិសេសដូចគ្នាដែរ ដើម្បីពន្យល់ទាក់ទិននឹងច្បាប់វិនិយោគនៅកម្ពុជា ជាមួយនឹងការផ្សាយផ្ទាល់ (LIVE) ចេញពីកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពី ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះថា «នៅថ្ងៃទី២៤ ខែកក្កដា នេះ Bloomberg (សារព័ត៌មានអាមេរិក Bloomberg
) ដែលមានអ្នកមើលជាង ៤៣០លាននាក់ នៅក្នុងប្រទេស ១០០ប្រទេស Bloomberg នឹងមករៀបចំការផ្សព្វផ្សាយបន្តផ្ទាល់ ចេញពីរាជធានីភ្នំពេញ ចេញពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDD ចំនួន ៣ម៉ោង ៣០នាទី នៅថ្ងៃទី២៤, យកកន្លែង CDC ជាកន្លែងផ្សាយរបស់ Bloomberg ទៅមនុស្សជាង ៤០០លាននាក់ទូទាំងពិភពលោក ដើម្បីជួយកែមុខមាត់ប្រទេសជាតិយើង»។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្ថែមថា សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានសម្រេចឯកភាពសម្ភាសន៍ នៅថ្ងៃទី២៣
ខែកក្កដា ហើយឯកឧត្តមឧបនាយករដ្ឋមន្រ្តីផ្ទាល់ និងរដ្ឋមន្ត្រីផ្សេងទៀត
នឹងផ្តល់កិច្ចសម្ភាសន៍ថ្ងៃទី២៤ ដើម្បីពន្យល់ពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា
និងពាណិជ្ជកម្មនៅកម្ពុជា សំដៅធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគមកកម្ពុជា។
បើតាម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល
ច្បាប់វិនិយោគនៅកម្ពុជាគឺពិតជាល្អណាស់ ដោយរដ្ឋាភិបាលមានស្ថេរភាព
ម៉ាក្រូសេដ្ឋកិច្ចក៏មានស្ថេរភាព ប្រជាជនខ្មែរវ័យក្មេងច្រើនជាងគេនៅតំបន់អាស៊ាន
ហើយការវិនិយោគនៅកម្ពុជាគឺពិតជាល្អ ប៉ុន្តែមុខមាត់របស់កម្ពុជា បានខូចដោយសារបញ្ហា Scams
Online។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តដើម្បីលុបបំបាត់បញ្ហា Scams Online នេះ ដែរ Scams Online គ្មានបានជួយអ្វីសោះដល់ប្រទេសជាតិរបស់យើង៕

Post a Comment