សមត្ថកិច្ច និងពលរដ្ឋថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានស្រុកឈូកកាន់តែល្អប្រសើរ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ សមត្ថកិច្ច និងប្រជាពលរដ្ឋស្រុកឈូក ខេត្តកំពត បានបញ្ជាក់ថាស្ថានភាពសុន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនៅក្នុងមូលដ្ឋានស្រុកឈូក មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ហើយក្នុងនោះការងារបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ការគ្រប់គ្រងចរាចរណ៍តាមដងផ្លូវ ការបម្រើសេវារដ្ឋបាល និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏មានភាពល្អប្រសើរផងដែរ។

លោកវរសេនីយ៍ឯក ប៉ោ យ៉ា អធិការស្រុកឈូក បានបញ្ជាក់ថា ស្រុកឈូកមាន១៥ឃុំ ស្មើ៨០ភូមិ ដែលមានប្រជាពលរដ្ឋជាង១៣ម៉ឺននាក់ តែបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា។

លោកអធិការស្រុកបានបន្ថែមថា ដោយមានការណែនាំពីថ្នាក់ដឹកនាំខេត្ត ស្នងការខេត្ត ពិសេសលោកសៅ មឿន អភិបាលស្រុក ក្នុងធានាឲ្យបាននូវភាពសុខសាន្ត និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កម្លាំងអធិការដ្ឋានបានរៀបចំផែនការសកម្មភាពប្រចាំថ្ងៃយ៉ាងច្បាស់លាស់។

ពាក់ព័ន្ធជាមួយសន្តិសុខសណ្តាប់ធ្នាប់នេះ ប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ គោរពកោតសរសើរដល់កងកម្លាំងសមត្ថកិច្ចដែលយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនបានល្អ ។

បើតាមលោកវរសេនីយ៍ឯកប៉ោ យ៉ា ក៏បានបញ្ជាក់ផងដែរថា ការងារផ្តល់សេវារដ្ឋបាលផ្សេងៗនៅក្នុងស្រុកឈូក ក៏មានភាពល្អប្រសើរផងដែរ ជាក់ស្តែងការងាធ្វើអត្តសញ្ញាណប័ណ្ណ ស្រុកនៅបន្តធ្វើជារៀងរាល់ថ្ងៃនៅអធិការដ្ឋាន និងបន្តចុះធ្វើវិលជុំនៅតាមឃុំទាំង១៥ ដើម្បីធានាថាពលរដ្ឋគ្រប់រូមមានអត្តសញ្ញាណប័ណ្ណប្រើប្រាស់៕




 

Powered by Blogger.