ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បន្តកើនដល់ជិត២៦០០នាក់
ការ៉ាកាស៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានបដិសេធចំពោះការយល់ឃើញថា រដ្ឋាភិបាលរបស់លោកស្រី ឆ្លើយតបយឺតយ៉ាវចំពោះការបំផ្លិចបំផ្លាញបង្កឡើងដោយគ្រោះរញ្ជួយដីភ្លោះ ដែលបានសម្លាប់មនុស្សកើនដល់ជិត២៦០០ នាក់។
ក្នុងសន្និសីទសារព័ត៌មានលើកដំបូង
ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមករា ក្រោយពេលប្រធានាធិបតី លោក Nicolas Maduro ត្រូវបានអាមេរិកចាប់ខ្លួន លោកស្រី Rodriguez បាននិយាយដូច្នេះថា «វាគឺជាសោកនាដកម្មធម្មជាតិមួយ មានទំហំយ៉ាងធំសម្បើម
ដែលយើងមិនធ្លាប់ស្រមៃគិតនោះឡើយ ទោះបីជាយើងបានដឹងថា បាតុភូតរញ្ជួយដី
អាចកើតមាននៅក្នុងប្រទេសយើងក៏ដោយ។ ពួកយើងមិនបាននៅរង់ចាំ១ថ្ងៃ ២ថ្ងៃ ឬ៣ថ្ងៃនោះទេ។
យើងបានធ្វើសកម្មភាពភ្លាមៗ»។
លោកស្រី Rodriguez បាននិយាយថា រដ្ឋាភិបាលលោកស្រី បានចេញក្រឹត្យបន្ទាន់មួយ
ដើម្បីដំណើរការនីតិវិធីឆ្លើយតបគ្រោះអាសន្ននិងការពារជនស៉ីវិល
ក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយមានគ្រោះរញ្ជួយដី
ដែលបានវាយប្រហារកាលពីថ្ងៃពុធសប្តាហ៍មុន ជាមួយកម្រិត៧,២រ៉ិចទ័រ និង៧,៥រ៉ិចទ័រ។
លោកស្រី
ថែមទាំងបានអះអាងថា ស្ទើរតែទាំងអស់នៃក្រុមមន្រ្តីប្រចាំតំបន់នៅរដ្ឋ La Guairá ដែលជាតំបន់រងគ្រោះធ្ងន់ជាងគេ គឺបានបាត់បង់ជីវិតក្នុងអគារដែលបានបាក់ស្រុត
ដោយសាររញ្ជួយដី។ បើតាមលោកស្រី Rodriguez តួលេខចុងក្រោយបង្អស់នៃមនុស្សដែលបានស្លាប់
គឺបន្តកើនដល់២៥៩៥នាក់ ហើយលោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលនៅតែមិនទាន់បញ្ចប់
កិច្ចប្រឹងប្រែងស្វែងរកនិងជួយសង្រ្គោះឡើយ។
បើតាម លោកស្រី Rodriguez មិនបានប្រាប់លម្អិតអំពីតួលេខអ្នកដែលនៅបន្តបាត់ខ្លួនទេ។ ទោះជាបែបនេះក្តី
បើតាមបញ្ជីអនឡាញមួយ ដែលមានលក្ខណៈមិនផ្លូវការ ប៉ុន្តែត្រូវបានប្រើប្រាស់ទូលំទូលាយ
គឺចំនួនមនុស្សបាត់ខ្លួន បានថយមកនៅខ្ទង់៣៨៥០០នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍
ក្រោយឡើងដល់ជិត៦០០០០នាក់ អំឡុងពេលប៉ុន្មានថ្ងៃដំបូង ក្រោយគ្រោះរញ្ជួយដី៕ (AFP)

Post a Comment