មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ប្រាប់ ICRC ពីជំហរកម្ពុជា លើការដោះស្រាយព្រំដែន ដោយសន្តិវិធី
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានប្រាប់គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម(ICRC) អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ។
ក្នុងជំនួបសម្តែងការគួរសម ជាមួយ លោក Jürg Montani ប្រធានប្រតិភូ ថ្នាក់តំបន់អាស៊ី នៃគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម(ICRC) ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានលើកឡើងពី ICRC ដែលបានបន្តផ្តល់ការគាំទ្រ យ៉ាងសកម្មដល់កម្ពុជា ជាពិសេសការសម្របសម្រួល យ៉ាងសកម្ម ប្រកបដោយផ្លែផ្កា ក្នុងការឈានទៅដោះលែង វីរកងទ័ពកម្ពុជា ចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួន ដោយខុសច្បាប់នាពេលកន្លងមក ។ នេះគឺជាការរួមចំណែកដ៏មានសារៈសំខាន់របស់ ICRC ។បន្ថែមពីនេះ រដ្ឋលេខាធិការ ក៏បានលើកឡើងពីស្ថានការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មី នូវជំហរយ៉ាងម៉ឺងម៉ាត់របស់ក្រសួងការពារជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងកម្ពុជា-ថៃ។
ជាលទ្ធផល ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកងយោធពលខេមរភូមិន្ទ និង ICRC ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រ ដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌ ព្រមទាំងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅក្នុងតំបន់ ។
ជាការឆ្លើយតប លោក Jürg Montani បានបង្ហាញពីការពេញចិត្ត ក្នុងការចូលរួមចំណែក សម្របសម្រួល និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ ICRC ក្នុងការបន្តគាំទ្រ និងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

Post a Comment