សាលាដំបូងខេត្តមណ្ឌលគិរីចោទប្រកាន់ជនសង្ស័យ ៧នាក់ពីបទហិង្សាដោយចេតនា កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ សាលាដំបូងខេត្តមណ្ឌលគិរីបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចោទ
ប្រកាន់ជនសង្ស័យ៧នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ដឹក
ជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ
ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។
តាមរយៈសេចក្តីប្រកាសអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី
មានកិត្តិយសសូមជម្រាប ជូនសាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦
វេលាម៉ោង២២ និង៣០នាទី នៅចំណុចក្រោយហាង សាច់អាំងស្រីល័ក្ខ ស្ថិតនៅភូមិចំការតែ
សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី មានក្រុមក្មេងទំនើង ៧
នាក់បើកបរម៉ូតូ៣គ្រឿង ប្រដាប់ដោយដុំឥដ្ឋ កាំបិតផ្គាក់១, កាំបិតស្នៀតចុងស្រួច ចំនួន១ បានធ្វើសកម្មភាពគប់ដុំឥដ្ឋទៅលើឈ្មោះ ឡយ តយ
ជាបុគ្គលិកក្នុងហាងសាច់អាំងស្រីល័ក្ខ រួចជិះម៉ូតូ គេចខ្លួនបាត់។
ក្រោយពីទទួលពាក្យបណ្ដឹងរួចមក កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបាន ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យខាងលើចំនួន៥នាក់រួមមាន ១.ឈ្មោះ អាត ឌីណា ២.ឈ្មោះ កាន់ វណ្ណណេត ៣.ឈ្មោះ មាស មាន ហៅ ប័រ ៤.ឈ្មោះ រិទ្ធ សុភាពរាបសារ ហៅ សៀមរាប ៥.ឈ្មោះ ណា គិរី ដើម្បីយកមកសាកសួរតាមនីតិវិធី។ ចំណែកជនសង្ស័យចំនួន២នាក់ទៀតបានរត់គេចខ្លួនបាត់។
ក្រោយពីការពិនិត្យរបាយការណ៍លេខ៣៩ របកសយ ចុះថ្ងៃទី៥
ខែកក្កដា ឆ្នាំ២០២៦ របស់ការិយាល័យ
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ភស្តុតាង
និងចម្លើយសារភាព របស់ជនសង្ស័យរួចមក
តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យទាំង៧នាក់ខាងលើពីបទ ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស
និងបទ កាន់កាប់ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្ត នៅភូមិចំការតែ
សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ ខែកក្កដា
ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌមានចែង និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨
ចំណុចទី២ និងមាត្រា៤៩០ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ៕

Post a Comment