ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅហ្វីលីពីន

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញ របស់លោកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ កក្កដា នេះ ថា កិច្ចប្រជុំនេះ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និង កិច្ចប្រជុំពាក់ព័ន្ធនេះ នឹងផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សា និងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨។ កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសដល់អាស៊ាន និងដៃគូខាងក្រៅ ផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទនៃការកើនឡើងទិដ្ឋភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ និងវិវត្តយ៉ាងឆាប់រហ័ស។
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមសកម្មភាពប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

ព្រឹត្តិការណ៍នេះគឺជាខួបគម្រប់ប្រាំទសវត្សរ៍ នៃសន្ធិសញ្ញានេះ ដែលបានដើរតួនាទីជាមូលដ្ឋានគ្រឹះ នៃ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការដែលផ្អែកលើច្បាប់ ដោយគូសបញ្ជាក់ឡើងវិញនូវគោលការណ៍ ដ៏យូរអង្វែងរបស់អាស៊ាន ក្នុងទិដ្ឋភាពតំបន់ និងពិភពលោកដែលកំពុងបន្តវិវត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំផ្សេងទៀតក្រោមក្របខ័ណ្ឌមេគង្គ និងសន្និសីទលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន។

ក្នុងឱកាសនៃកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីនានា ដើម្បីជំរុញ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕







 

Powered by Blogger.