រុស្ស៊ីសម្រេចទិញប្រេងសាំងពីឥណ្ឌា ដើម្បីដោះស្រាយបញ្ហាខ្វះខាតក្នុងស្រុក

ម៉ូស្គូ៖ ប្រភពពីឧស្សាហកម្មប្រេងបានឱ្យដឹងនៅថ្ងៃពុធថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមនាំចូលប្រេងសាំងពីប្រទេសឥណ្ឌាតាមផ្លូវសមុទ្រហើយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាខ្វះខាតប្រេងឥន្ធនៈ ដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ុយក្រែនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។

ការខ្វះខាតប្រេងឥន្ធនៈកំពុងជះឥទ្ធិពលនៅទូទាំងប្រទេសរុស្ស៊ី ដោយមានការកម្រិតបរិមាណលក់ មានមនុស្សតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេង និងការហក់ឡើងនៃតម្លៃប្រេងសាំងដល់កម្រិតខ្ពស់មិនធ្លាប់មាន។ ប្រភពបានបញ្ជាក់ថា ប្រេងសាំងយ៉ាងហោចណាស់ ៦០,០០០តោន ត្រូវបានបញ្ជូនពីឥណ្ឌាមកកាន់រុស្ស៊ី តាមរយៈនាវាដឹកប្រេងចំនួន ២គ្រឿង។ ជារួម រុស្ស៊ីមានផែនការនាំចូលប្រេងសាំងសរុប ៤០០,០០០តោនក្នុងមួយខែ ពីប្រទេសផ្សេងៗ រួមទាំងពីប្រទេសបេឡារុស្ស ដែលបច្ចុប្បន្នកំពុងបង្កើនការនាំចេញមកឱ្យរុស្ស៊ីស្រាប់ផងដែរ។

សូមជម្រាបថា ការប្រើប្រាស់ប្រេងសាំងនៅរុស្ស៊ីមានចំនួនយ៉ាងហោចណាស់ ១១ម៉ឺនតោនក្នុងមួយថ្ងៃ នៅរដូវក្តៅនេះ ដោយសារតម្រូវការមានកម្រិតខ្ពស់។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានទទួលស្គាល់កាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ពិតជាបានបង្កឱ្យមានការខ្វះខាតប្រេងនៅតំបន់មួយចំនួនពិតប្រាកដមែន ប៉ុន្តែរដ្ឋាភិបាលកំពុងចាត់វិធានការដោះស្រាយ។ កាលពីសប្តាហ៍មុន សភារុស្ស៊ីក៏បានអនុម័តការធ្វើវិសោធនកម្មក្រមពន្ធ ដើម្បីផ្តល់ការឧបត្ថម្ភធនលើការនាំចូលប្រេងឥន្ធនៈផងដែរ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារតាមដាននាវាចរណ៍បានបង្ហាញថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ី បានហក់ឡើងដល់កម្រិតខ្ពស់បំផុតកាលពីខែមិថុនា។ រោងចក្រចម្រាញ់ប្រេងឥណ្ឌាបានសម្រុកទិញប្រេងរុស្ស៊ី ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការបិទច្រកសមុទ្រហ័រមូស ដែលធ្វើឱ្យរាំងស្ទះប្រភពផ្គត់ផ្គង់ប្រេងពីតំបន់ផ្សេងៗទៀត។ បច្ចុប្បន្ន ប្រេងរុស្ស៊ីមានចំណែកជាងពាក់កណ្តាល (៥០%) នៃការនាំចូលសរុបរបស់ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលប្រេងធំទីបីក្នុងពិភពលោក៕ (Reuters)



 

Powered by Blogger.