ត្រាំ បើកភ្លើងបៃតងឱ្យអ៊ុយក្រែន ផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ Patriot
អង់ការ៉ា៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យអ៊ុយក្រែននូវអាជ្ញាបណ្ណដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដែលនេះជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ទីក្រុងកៀវដែលព្យាយាមស្វែងរកការអនុញ្ញាតផលិតប្រព័ន្ធអាវុធការពារខ្លួនជាយូរមកហើយ។
ការប្រកាសបែបនេះរបស់លោក
ដូណាល់ ត្រាំ ធ្វើឡើងក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ
ហ្សេលេនស្គី នៅឯកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងអង់ការ៉ា
ប្រទេសតួកគីយ៉េ កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦។ «យើងនឹងផ្ដល់ឱ្យអ្នកនូវអាជ្ញាបណ្ណដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ
Patriots...ដូច្នេះអ្នកមិនអាចត្អូញត្អែរថាយើងមិនបានផ្ដល់ឱ្យគ្រប់គ្រាន់ទៀតនោះទេ»។ នេះជាការគូសបញ្ជាក់របសលោក ត្រាំ
ដោយបន្ថែមថាលោកពេញចិត្តផ្ដល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធអាវុធការពារខ្លួន
ជាជាងប្រព័ន្ធអាវុធវាយលុក។
លោក ត្រាំ មិនបានបញ្ជាក់លម្អិតអ្វីទេ
ប៉ុន្តែនេះជាការផ្លាស់ប្ដូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងគោលជំហររបស់លោកចំពោះអ៊ុយក្រែន
ដែលកន្លងមកលោកបានរិះគន់លោក ហ្សេលេនស្គី
ដែលលោកធ្លាប់ចាត់ទុកថាជាមនុស្សមិនចេះដឹងគុណ។ បើតាមលោក ត្រាំ
រូបលោកនឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន
ក្នុងពេលឆាប់ៗ។ កាលពីថ្ងៃពុធ លោក ត្រាំ ក៏បានអះអាងដែរថា ទីក្រុងមូស្គូ
និងទីក្រុងកៀវមានបំណងចង់បញ្ចប់សង្រ្គាម៕ (Reuters)

Post a Comment