កម្ពុជា-ចិន បើកទំព័រកិច្ចសហប្រតិបត្តិការ «បញ្ញាសិប្បនិម្មិត AI» ដើម្បីរុញច្រានសេដ្ឋកិច្ចឌីជីថល
ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦ថ្មីៗនេះត្រូវបានអ្នកវិភាគ និងមន្ត្រីជាន់ខ្ពស់មើលឃើញថា មិនមែនជាដំណើរទស្សនកិច្ចការទូតធម្មតានោះទេ ប៉ុន្តែជាការបើកនូវ «ជំពូកថ្មី» នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍។
ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ថា ប្រសិនបើ ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងចិន បានផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងថាមពល នោះកិច្ចសហប្រតិបត្តិការសម្រាប់ទសវត្សរ៍ខាងមុខ នឹងឈានទៅរកការកសាង «ហេដ្ឋារចនាសម្ព័ន្ធអរូបវន្ត» ដែលជាការអភិវឌ្ឍសមត្ថភាពឌីជីថល និងធនធានមនុស្ស។ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់បានបន្តថា ក្នុងបរិបទដែលពិភពលោកកំពុងមានការប្រកួតប្រជែងយ៉ាងស្រួចស្រាវលើផ្នែកបច្ចេកវិទ្យា ការប្រកួតប្រជែងរបស់កម្ពុជាមិនអាចពឹងផ្អែកតែលើហេដ្ឋារចនាសម្ព័ន្ធបែបប្រពៃណីតែមួយមុខបានទៀតឡើយ។ ការចូលរួមរបស់កម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកនៃអង្គការកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក គឺជាសញ្ញាណច្បាស់លាស់មួយថា កម្ពុជាកំពុងរៀបចំខ្លួនធ្វើការ «លោតផ្លោះ» ឆ្លងដំណាក់កាលអភិវឌ្ឍន៍មួយចំនួន ដើម្បីឆ្ពោះទៅកាន់សេដ្ឋកិច្ចទំនើបផ្អែកលើចំណេះដឹង។
ឯកឧត្តមបន្ថែមថា កិច្ចសហប្រតិបត្តិការលើវិស័យ AI នេះ មិនមែនត្រឹមតែជារូបភាពនយោបាយនោះទេ ប៉ុន្តែវាផ្តល់នូវដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរួមមាន៖ វិស័យកសិកម្ម៖ ជួយកសិករក្នុងការទស្សន៍ទាយអាកាសធាតុ វិភាគដី និងបង្កើនទិន្នផលដំណាំ។ វិស័យសុខាភិបាល៖ ជួយវេជ្ជបណ្ឌិតក្នុងការធ្វើរោគវិនិច្ឆ័យបានលឿន និងបង្កើនការផ្តល់សេវាសុខាភិបាលឌីជីថលទៅកាន់តំបន់ដាច់ស្រយាល។ ការអប់រំ និងអាជីវកម្ម៖ លើកកម្ពស់គុណភាពសិក្សារបស់សិស្ស-និស្សិត និងជួយសហគ្រាសធុនតូច និងមធ្យម (SMEs) បង្កើនផលិតភាពក្នុងការប្រកួតប្រជែង។ សេវាសាធារណៈ៖ ជួយរាជរដ្ឋាភិបាលក្នុងការវិភាគទិន្នន័យ កែទម្រង់គោលនយោបាយ និងផ្តល់សេវារដ្ឋជូនប្រជាពលរដ្ឋបានលឿន ងាយស្រួល និងមានតម្លាភាព។
ជាមួយគ្នានេះ ទិសដៅនៃកិច្ចសហប្រតិបត្តិការ AI រវាងកម្ពុជា-ចិន គឺឆ្លើយតបយ៉ាងស៊ីសង្វាក់ទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបច្ចកោណទី៥ ដែលផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ជាមួយគ្នានេះ ទិសដៅនៃកិច្ចសហប្រតិបត្តិការ AI រវាងកម្ពុជា-ចិន គឺឆ្លើយតបយ៉ាងស៊ីសង្វាក់ទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបច្ចកោណទី៥ ដែលផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ សង្កត់ធ្ងន់ថា កម្ពុជាគាំទ្រលើទស្សនវិស័យសកលទាំង៤ ស្ដីពី AI របស់ប្រធានាធិបតីចិន ស៊ី ជិនពីង ដែលផ្តោតលើ «ការបើកចំហ សុវត្ថិភាព បរិយាបន្ន និងអភិបាលកិច្ចពហុភាគី» ដើម្បីធានាថា បច្ចេកវិទ្យាថ្មីនេះត្រូវបានប្រើប្រាស់ដើម្បីបម្រើមនុស្សជាតិ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រជាជាតិ។
ជំនួសឱ្យការរំពឹងទុកត្រឹមតែសេចក្តីថ្លែងការណ៍រួម កម្ពុជារំពឹងថានឹងទទួលបានលទ្ធផលជាក់ស្តែងពីភាគីចិន ដូចជា ការបណ្តុះបណ្តាលអ្នកជំនាញ AI ខ្មែរ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការទាក់ទាញវិនិយោគិនលំដាប់ពិភពលោក ដើម្បីបង្កើតការងារដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់យុវជនកម្ពុជាក្នុងរយៈពេលមធ្យម និងវែងខាងមុខ៕
Post a Comment