ថ្នាក់ដឹកនាំក្រសួងអប់រំ និងអាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញកាត់វិញ្ញាសាប្រឡងបញ្ចប់ឆ្នាំ និងប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុង ជិនណា អគ្គនាយកអប់រំ និងជាប្រធានគណៈកម្មការ និងលោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមកាត់ស្រោមវិញ្ញាសាប្រឡងជាផ្លូវការ ក្នុងការប្រឡងបញ្ចប់ឆ្នាំទី១ ទី២ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី ស្ថិតនៅ ក្រុងសែនមនោរម្យ ។

ឯកឧត្តម អ៊ុង ជិនណា និងលោកស្រី កែវ សាវឿន បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់គោរពបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។ ឯកឧត្តម និងលោកស្រី បានលើកទឹកចិត្តដល់បេក្ខជន-បេក្ខនារីទាំងអស់ ត្រូវមានទំនុកចិត្តលើខ្លួនឯង រក្សាអារម្មណ៍ឱ្យបានស្ងប់ស្ងាត់ និងត្រូវប្រឹងប្រែងប្រើប្រាស់ចំណេះដឹង សមត្ថភាព ដែលបានសិក្សាកន្លងមក ដើម្បីឆ្លើយនឹងសំណួរ ឬដោះស្រាយលំហាត់នៅក្នុងវិញ្ញាសានីមួយៗឱ្យអស់ពីលទ្ធភាព។ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាទុនយ៉ាងសំខាន់សម្រាប់អនាគត និងជាកម្លាំងចលករក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ដូច្នេះ សូមក្មួយៗ ខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យជាប់ទាំងអស់គ្នា។

យោងតាមរបាយការណ៍របស់លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រឡងនាពេលនេះ មានរយៈពេល២ថ្ងៃ មានបេក្ខជនបញ្ចប់ឆ្នាំទី១ ឆ្នាំទី២ និងបេក្ខជនប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ចូលរួមសរុបចំនួន ១៤៨នាក់ (ស្រី ៧៣នាក់)។

លោក ក៏បានអំពាវនាវដល់អាណាព្យាបាល បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ដែលមានចំណាប់អារម្មណ៍លើការសិក្សាជំនាញនានា ដូចជា ក្សេត្រាសាស្ត្រ អគ្គិសនី និងកំព្យូទ័រ អាចចូលរៀនបាននៅវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី ដែលមានទីតាំងនៅជិតមន្ទីរអប់រំខេត្ត ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

បើករណីសិស្សមានទីលំនៅឆ្ងាយ អាចស្នាក់នៅអន្តេវាសិកដ្ឋាន ដែលមន្ទីរបានរៀបចំនៅក្នុងបរិវេណសាលាតែម្តង៕









Powered by Blogger.