អ៊ីរ៉ាក់ព្រមានចាកចេញពីអង្គការ OPEC ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេង
បាកដាត៖ ប្រទេសអ៊ីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើស្ថាប័ននេះមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ។
ការព្រមាននេះកើតឡើងចំពេលដែលសេដ្ឋកិច្ចអ៊ីរ៉ាក់កំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ
ដោយសារសង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យការនាំចេញប្រេងតាមច្រកសមុទ្រហ័រមូស
ត្រូវជាប់គាំង ខណៈដែលប្រាក់ចំណូលជាតិរបស់អ៊ីរ៉ាក់ពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រេង។
មន្ត្រីជាន់ខ្ពស់ក្រសួងប្រេងអ៊ីរ៉ាក់បានសង្កត់ធ្ងន់ថា អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្ត
OPEC
ដទៃទៀត ត្រូវតែយកចិត្តទុកដាក់ចំពោះការស្នើសុំបង្កើនកូតារបស់ខ្លួន
បើមិនដូច្នោះទេ អ៊ីរ៉ាក់នឹងត្រូវបង្ខំចិត្តពិចារណាលើរាល់ជម្រើសទាំងអស់
រួមទាំងការចាកចេញផងដែរ។
ទោះបីជាយ៉ាងណាក្តី មន្ត្រីរូបនេះបានបញ្ជាក់ថា
ការចាកចេញពី OPEC នៅពេលនេះគឺលឿនពេក ហើយបច្ចុប្បន្នអ៊ីរ៉ាក់នៅតែចង់ទាមទារកូតាឱ្យបានខ្ពស់ជាងមុនសិន។
ជាការឆ្លើយតប ក្រសួងប្រេងអ៊ីរ៉ាក់បានចេញមុខបដិសេធជាផ្លូវការថា
ព័ត៌មាននៃការចាកចេញនេះមិនមែនជាជំហររបស់រដ្ឋាភិបាលឡើយ។
គួររំលឹកថា
អ៊ីរ៉ាក់គឺជាប្រទេសផលិតប្រេងធំទីពីររបស់ OPEC និងជាប្រទេសស្ថាបនិកមួយផងដែរ។
ប្រសិនបើអ៊ីរ៉ាក់ពិតជាចាកចេញមែន
វានឹងក្លាយជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយទៀតចំពោះអង្គការ OPEC បន្ទាប់ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ទើបតែបានដកខ្លួនចេញកាលពីជិតពីរខែមុន
ខណៈដែលដំណឹងនេះក៏បានធ្វើឱ្យតម្លៃប្រេងសកលធ្លាក់ចុះមកនៅក្រោម
៧៣ដុល្លារក្នុងមួយធុងផងដែរ៕ (Reuters)

Post a Comment