សម្តេចតេជោ និងប្រធានសភាប្រជាជនចិន ចង់ឃើញស្ថាប័ននីតិបញ្ញត្តិកម្ពុជា-ចិន មានទំនាក់ទំនងកាន់តែល្អ
ប៉េកាំង, ចិន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចង់ឃើញស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងចិន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែសកម្ម និងល្អប្រសើរថែមទៀត ដើម្បីរួមចំណែកជួយជំរុញទំនាក់ទំនងកម្ពុជា-ចិន។
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ
បន្ទាប់ពីអញ្ជើញដល់ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន
បានអញ្ជើញជួបពិភាក្សាការងារជាមួយ ចាវ ឡឺជី។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ
សម្ដេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ចាវ ឡឺជី
បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ
និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា។
ក្នុងជំនួបនោះ លោក ចាវ ឡឺជី
បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប
តែងតែជួយយកអាសាគ្នាទៅវិញទៅមក។ លោក ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ លោក ស៊ី
ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥
ដែលជាដំណើរទស្សនកិច្ចបង្ហាញនូវការពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំជាពិសេសគឺការជំរុញការអនុវត្ត
ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោក ចាវ ឡឺជី
ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោ
បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា
ទោះបីជាពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី តែមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ។
ក្នុងឱកាសនោះ សម្ដេចតេជោ
ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ
ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ ដោយសម្ដេច បានបញ្ជាក់ថា សម្ដេច
ចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀត
ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ
និងគណបក្សរវាងប្រទេសទាំងពីរដែរ។
លោក ចាវ ឡឺជី
បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោ និងបានកត់សម្គាល់ថា
ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺជាការទាក់ទងទំនាក់ទំនងដោយការជឿជាក់គ្នា
ដែលមិនអាចមានអ្នកណាមកបំបែកបានឡើយ។ លោក
ក៏បានលើកឡើងអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរ។
លោក ចាវ ឡឺជី ចង់ឃើញប្រទេសទាំងពីរ
ពោលគឺស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងចិន
មានទំនាក់ទំនងគ្នាកាន់តែស្អិតរមួតបន្ថែមទៀត
ក្នុងគោលដៅចូលរួមចំណែកជ្រោមជ្រែងដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន
គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី៕






Post a Comment