កិច្ចប្រជុំការងារ និងការចុះត្រួតពិនិត្យវឌ្ឍនភាពការងាររបស់មហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកឧត្ដមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានដឹកនាំផែនមន្រ្តីនគរបាលយុត្តិធម៌ (OPJ) ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានចូលរួមកិច្ចប្រជុំការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ឯកឧត្តម យូ ទិត្យវឌ្ឍនៈ អគ្គព្រះរាជអាជ្ញារង ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប ព្រមទាំងក្រុមការងារអមដំណើរ។

​ក្នុងឱកាសចុះបំពេញបេសកកម្មនេះ ឯកឧត្តមអគ្គព្រះរាជអាជ្ញា និងក្រុមការងារ បានអញ្ជើញចុះពិនិត្យផ្ទាល់លើ​សៀវភៅសម្រាប់ទទួលបណ្តឹង និងសៀវភៅកត់ត្រាការឃាត់ខ្លួន ​ទីតាំង/កន្លែងសម្រាប់ឃាត់ខ្លួនបណ្តោះអាសន្ន ​វឌ្ឍនភាពការងារទូទៅរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប។

​ជាលទ្ធផល ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងរាជអាវុធហត្ថខេត្តកែប ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ទៅតាមនីតិវិធីច្បាប់បានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តល់ការណែនាំ ចែករំលែកបទពិសោធន៍សំខាន់ៗ ពាក់ព័ន្ធនឹងល្បិចកល និងសកម្មភាពថ្មីៗរបស់ក្រុមជនល្មើស ដើម្បីជាទុនគន្លឹះដល់មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត យកទៅស្រាវជ្រាវ បង្ក្រាប និងអនុវត្តតាមនីតិវិធីច្បាប់ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ក្នុងគោលដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕














 

Powered by Blogger.