គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បូកគោ ចុះត្រួតពិនិត្យកំពង់ផែចំនួនពីរ ដើម្បីទប់ស្កាត់ទំនិញខុសច្បាប់
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបូកគោ លោក ឡេន ឌឿន អភិបាលរងក្រុង តំណាងឱ្យលោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងបូកគោ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារចុះបេសកកម្មត្រួតពិនិត្យបទល្មើស និងទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ពីប្រទេសសៀម (ថៃ) នៅតាមបណ្តាកំពង់ផែសំខាន់ៗក្នុងភូមិសាស្ត្រក្រុងបូកគោ។
ប្រតិបត្តិការចុះត្រួតពិនិត្យផ្ទាល់នេះ បានធ្វើឡើងនៅទីតាំងចំនួនពីរ រួមមាន៖ កំពង់ផែកំពតផត (Kampot Port) ស្ថិតនៅក្នុងសង្កាត់កោះតូច ក្រុងបូកគោ និងកំពង់ផែកែវ ម៉ាលី ស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ។
ជាលទ្ធផល នៅក្នុងកិច្ចប្រតិបត្តិការចុះពិនិត្យយ៉ាងហ្មត់ចត់លើសាឡង់ដឹកជញ្ជូននៅទីតាំងខាងលើ ក្រុមការងារបានរកឃើញថា ទំនិញទាំងនោះគឺជា «ម្សៅម្នាងសិលា» (ដែលជាវត្ថុធាតុដើមសម្រាប់បម្រើឱ្យការផលិតស៊ីម៉ងត៍)។ ទំនិញប្រភេទនេះ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងពុំស្ថិតនៅក្នុងបញ្ជីទំនិញហាមឃាត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានោះឡើយ។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរក្រុងបូកគោ
ក្នុងការរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការទប់ស្កាត់រាល់ទំនិញគេចពន្ធ
ឬទំនិញខុសច្បាប់នានា ដើម្បីធានាបាននូវតម្លាភាព
និងការអនុវត្តច្បាប់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល៕











Post a Comment