ខេត្តសៀមរាប ប្ដេជ្ញាជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ តាមរយៈការកិច្ចសហប្រតិបត្តិការ និងការទទួលបានបទពិសោធន៍ពីប្រទេសជប៉ុន
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្ដីពីការសិក្សាស្វែងយល់ និង ចែករំលែកបទពិសោធន៍អំពីគំរូទីក្រុងឆ្លាតវៃ នៃប្រទេសជប៉ុន ដឹកនាំដោុលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប និងលោក មីយ៉ាកេ ស្ហ៊ីគេកិ ប្រធានទីប្រឹក្សានៃក្រុមអ្នកជំនាញ JICA ដោយមានការចូលរួមពីលោក កាន់ណាម៉ិក យ៉ាស៊ូ អនុប្រធានក្រុមហ៊ុនសកល/អ្នកគ្រប់គ្រងគម្រោងសម្រាប់គម្រោងទីក្រុងឆ្លាតវៃសកល នៃក្រុមហ៊ុន PACIFIC CONSULTANTS CO., LTD.ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។
លោក លី វណ្ណៈ បានគូសបញ្ជាក់ថា ប្រទេសជប៉ុន ជាដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប។ ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស កិច្ចសហប្រតិបត្តិការបច្ចេកទេស ក៏ដូចជាការផ្គត់ផ្គង់ទឹកស្អាត សេវាសុខាភិបាល និងវិស័យអប់រំនៅខេត្តសៀមរាប ព្រមទាំងប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍន៍ខេត្តឆ្ពោះទៅរកទីក្រុងឆ្លាតវៃ (Smart City) ដោយផ្តោតលើការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងនិរន្តរភាពបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន។
លោក លី វណ្ណៈ បានបង្ហាញថា ទាក់ទងនឹងគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាបកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលតម្រូវឱ្យមានដំណោះស្រាយថ្មីៗលើបញ្ហាការកកស្ទះចរាចរណ៍ ការបង្កើនសុវត្ថិភាពសម្រាប់ប្រជាជននិងភ្ញៀវទេសចរ ការកែលម្អការគ្រប់គ្រងទេសចរណ៍ និងការប្រើប្រាស់វិធីសាស្ត្រដែលជំរុញដោយទិន្នន័យ (Data-driven approach) ប្រកបដោយប្រសិទ្ធភាព។ ដូច្នេះគោលគំនិតទីក្រុងឆ្លាតវៃ មិនមែនគ្រាន់តែជាការប្រើប្រាស់បច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តោតសំខាន់លើការបង្កើនគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាក្នុងទីក្រុង និងការធានាភាពធន់រយៈពេលវែងសម្រាប់មនុស្សជំនាន់ក្រោយ។
លោកនាយករដ្ឋបាល បានសង្កត់ធ្ងន់ថា ដើម្បីទទួលបានជោគជ័យនៃគំនិតផ្ដួចផ្ដើមនេះ គឺអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យសាធារណៈ វិស័យឯកជន សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងការចូលរួមផ្តល់មតិយោបល់ពីសំណាក់ប្រជាពលរដ្ឋ។ យ៉ាងណាតាមរយៈសិក្ខាសាលានេះ នឹងក្លាយជាវេទិកាដ៏មានតម្លៃសម្រាប់សមាជិកបណ្តាញទីក្រុងឆ្លាតវៃអាស៊ាននៅកម្ពុជា សិស្ស និស្សិត និងមន្ត្រីជំនាញ ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ឧត្តមានុវត្តរបស់ជប៉ុន ដែលនឹងឈានទៅរកការកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរយៈពេលវែង រវាងខេត្តសៀមរាប និងប្រទេសជប៉ុន កាន់តែរឹងមាំថែមទៀត៕






Post a Comment