សភាអាមេរិក បោះឆ្នោតអនុម័តដំណោះស្រាយ ដែលនឹងនាំទៅរកការបិទបញ្ចប់សង្រ្គាមអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ បានបោះឆ្នោតអនុម័តដំណោះស្រាយមួយដើម្បីរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ ដែលនេះបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងនៅក្នុងចំណោមសមាជិកនៃគណបក្សរបស់លោក ចំពោះសង្រ្គាមអូសបន្លាយពេលជាង ៣ខែមកនេះ នៅមុនការបោះឆ្នោតមុនអាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ។
សភាតំណាងរាស្ត្រអាមេរិក
ឬរដ្ឋសភាបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ២១៥ ទល់២០៨សំឡេងជំទាស់
ដែលក្នុងនោះមានតំណាងរាស្ត្រសាធារណរដ្ឋ ៤នាក់ បោះឆ្នោតជាមួយ គណបក្សប្រជាធិបតេយ្យ
ក្នុងការអនុម័តដំណោះស្រាយខាងលើ ឬ war powers resolution ដែលនឹងតម្រូវឱ្យលោក ត្រាំ ដកកងទ័ពអាមេរិកចេញពីអ៊ីរ៉ង់ លុះត្រាតែសភាទាំង២
របស់សហរដ្ឋអាមេរិកប្រកាសសង្រ្គាម ឬអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងយោធាសាជាថ្មី។
នេះជាបរាជ័យលើកចុងក្រោយបំផុតមួយសម្រាប់លោក
ត្រាំ នៅក្នុងសភាអាមេរិក
បើទោះជាគណបក្សរបស់លោកកំពុងគ្រប់គ្រងសភាទាំង២របស់សហរដ្ឋអាមេរិក គឺរដ្ឋសភា
និងព្រឹទ្ធសភា ដោយសំឡេងភាគច្រើនតិចតួចក៏ដោយ។ ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន
ការអនុម័តខាងលើនៅត្រឹមជានិមិត្តរូបប៉ុណ្ណោះ
ពីព្រោះដំណោះស្រាយនេះនៅត្រូវបញ្ជូនបន្តទៅ ឱ្យព្រឹទ្ធសភាអនុម័តជាមុនសិន មុននឹងវាក្លាយទៅជាច្បាប់ជាផ្លូវការ
ខណៈនៅតែមានការជជែកដេញដោលថាតើដំណោះស្រាយរបស់សភាអាមេរិកនឹងអាចរារាំងលោក ត្រាំ
មិនឱ្យបន្ត ឬបង្កសង្រ្គាមជាថ្មីជាមួយអ៊ីរ៉ង់ឬក៏យ៉ាងណា៕ (Reuters)

Post a Comment