UN បញ្ចូលអ៊ីស្រាអែលនិងរុស្ស៉ី ក្នុងបញ្ជីខ្មៅស្តីពីអំពើហិង្សាផ្លូវភេទក្នុងពេលសង្រ្គាម
យូអិន៖ អ៊ីស្រាអែល និងរុស្ស៉ី ទើបត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅមួយរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីការប្រព្រឹត្តអំពើហិង្សាផ្លូវភេទក្នុងពេលសង្រ្គាម។
កាលពីខែសីហា
ឆ្នាំ២០២៥ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio
Guterres ធ្លាប់បានព្រមានអ៊ីស្រាអែល
និងរុស្ស៉ីអំពីលទ្ធភាពនៃការកត់ឈ្មោះចូលបញ្ជីខាងលើ ប៉ុន្តែទោះបីជាមានការព្រមានក៏ដោយ
ឧប្បត្តិហេតុនិងលំនាំនៃអំពើហិង្សាផ្លូវភេទ នៅតែបន្តត្រូវបានកត់ត្រាដោយ UN ក្នុងសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងនៅក្នុងដែនដីប៉ាឡេស្ទីន។
ហេតុដូច្នេះហើយ ឥឡូវប្រទេសទាំងពីរ ត្រូវបានដាក់បញ្ចូលទៅក្នុង
បញ្ជីនៃភាគីដែលជាប់សង្ស័យខ្លាំងអំពីការប្រព្រឹត្តឬទទួលខុសត្រូវ
សម្រាប់លំនាំនៃសកម្មភាពរំលោភសេពសន្ថវៈ ឬទម្រង់ដទៃទៀតនៃអំពើហិង្សាផ្លូវភេទ អំឡុងពេលមានជម្លោះប្រដាប់អាវុធ។
ពាក់ព័ន្ធនឹងអ៊ីស្រាអែល
របាយការណ៍ UN បានលើកឡើងថា កាលពីក្នុងឆ្នាំ២០២៥
លំនាំនៃអំពើហិង្សាផ្លូវភេទប្រឆាំងជនជាតិប៉ាឡេស្ទីន ដែលជាប់ឃុំឃាំងនៅអ៊ីស្រាអែល
និងដែនដីប៉ាឡេស្ទីន នៅតែបន្តត្រូវបានកត់ត្រា ហើយតាមការកត់សម្គាល់
គឺវាហាក់ជានិន្នាការកើតមានច្រើនឆ្នាំមកហើយ។ សម្រាប់ជនដៃដល់ គឺត្រូវបាន UN កំណត់អត្តសញ្ញាណថា ជាសមាជិកនៃយោធា កងកម្លាំងសន្តិសុខ
និងឆ្មាំពន្ធធនាគាររបស់អ៊ីស្រាអែល។
ចំណែកពាក់ព័ន្ធនឹងរុស្ស៉ីវិញ
របាយការណ៍ខាងលើ
បានរំលេចអំពីអំពើហិង្សាផ្លូវភេទនៅក្នុងទឹកដីអ៊ុយក្រែនស្ថិតក្រោមការត្រួតត្រា
និងនៅក្នុងទឹកដីរបស់រុស្ស៉ីផ្ទាល់ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធ
និងអាជ្ញាធរពន្ធនាគារ ជាពិសេសប្រឆាំងទៅលើឈ្លើយសឹក ដែលបានផ្តល់សក្ខីកម្មក្រោយពួកគេត្រូវបានដោះលែង។
របាយការណ៍បានលើកអំពីករណីអំពើហិង្សាផ្លូវភេទពាក់ព័ន្ធជម្លោះប្រដាប់អាវុធសរុប៣១០ករណី
ក្នុងសង្រ្គាមអ៊ុយក្រែន៕ (AFP)

Post a Comment