សាលាដំបូងខេត្តកែប បើកកិច្ចប្រជុំពង្រឹងការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)

អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបញ្ហាផ្សេងៗ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហន សុខេមរិន ប្រធានសាលាដំបូងខេត្តកែប និង ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប។

​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ រួមមាន លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប, លោកឧត្ដមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ព្រមទាំងលោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង ប្រធានពន្ធនាគារ ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីនគរបាលយុត្តិធម៌ទូទាំងខេត្ត។

​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំ ឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ និងលើកកម្ពស់ប្រសិទ្ធិភាពការងាររវាងស្ថាប័នតុលាការ និងអយ្យការ ជាមួយកងកម្លាំងប្រដាប់អាវុធទាំងពីរ (នគរបាល និងអាវុធហត្ថ) មន្ទីរអង្គភាពដែលពាក់ព័ន្ធ ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងតែបង្កការខូចខាតដល់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំអង្គប្រជុំបានជំរុញ និងណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការស្រាវជ្រាវ ក្តាប់ឱ្យបានរាល់សកម្មភាពល្មើសរបស់ក្រុមឧក្រិដ្ឋជន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ និងទាន់ពេលវេលា សំដៅការពារសុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល៕













 


Powered by Blogger.