អាមេរិក បន្តតាមដានដោយយកចិត្តទុកដាក់បន្ថែមលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំរុញភាគីទាំងពីរប្រើប្រាស់យន្តការដែលមានស្រាប់
ភ្នំពេញ៖ ក្នុងជំនួបតាមទូរស័ព្ទរវាង លោកស្រី Allison Hooker អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសអាមេរិក និងឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អាមេរិក បន្តតាមដានដោយយកចិត្តទុកដាក់បន្ថែមលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំរុញភាគីទាំងពីរប្រើប្រាស់យន្តការដែលមានស្រាប់។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី
និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បានសន្ទនាតាមទូរស័ព្ទពីបញ្ហាក្នុងតំបន់
និងសកល ជាពិសេសបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស
ស្ដីពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងកម្ពុជា និងអាមេរិក បានបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី
ប្រាក់ សុខុន បានជម្រាប លោកស្រី Allison Hooker អំពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ
ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានបញ្ចប់ដោយឯកតោភាគីនូវអនុស្សរណៈនៃការ
យោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ
ទាក់ទងនឹងតំបន់ដែនសមុទ្រទាមទារ ត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចថា
កម្ពុជាតែងតែខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី
ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ស្របតាមច្បាប់អន្តរជាតិ
និងបានបញ្ជាក់ពីបំណង ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត
និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ។
លោកស្រី Allison Hooker បានបញ្ជាក់ការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិក
និងការលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកាតព្វកិច្ចស្របតាមសេចក្តីថ្លែងការណ៍រួមទីក្រុង
គូឡាឡាំពួ និងបានជំរុញភាគីទាំងពីរប្រើប្រាស់ឱ្យបានពេញលេញ
នូវយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)
គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និង
ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ដើម្បីស្វែងរកឫសគល់នៃជម្លោះ
និងគាំទ្រការដោះស្រាយបញ្ហា ដោយសន្តិវិធី៕





Post a Comment