អ្នកពាក្យក្រសួងព័ត៌មាន ! «ការយល់ដឹងច្បាស់ពីសិទ្ធិ ករណីកិច្ច និងទំនួលខុសត្រូវ មានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ÷ លោក ទេព អស្នារិទ្ធី អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា «ការយល់ដឹងច្បាស់ពីសិទ្ធិ ករណីយកិច្ច និងទំនួលខុសត្រូវ» មានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ កាលណាអ្នកសារព័ត៌មាន មានវិជ្ជាជីវៈខ្ពស់ វានឹងក្លាយជាខែលការពារពួកគាត់ពីការប្ដឹងផ្ដល់ ឬការប្រឈមផ្សេងៗ។

លោកបន្ថែមទៀតថា តាមលទ្ធផលស្ទង់មតិទូទាំងប្រទេសឆ្នាំ២០២៦ ក្នុងចំណោមអ្នកធ្វើការក្នុងវិស័យព័ត៌មាន  ៩៦,៣% បានគាំទ្រឱ្យពង្រឹងលក្ខខណ្ឌគុណវុឌ្ឍិ ដើម្បីការពារតម្លៃវិជ្ជាជីវៈ។ ក្នុងន័យនេះ ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយគុណភាព ក្រមសីលធម៌ និងមានទំនួលខុសត្រូវ គឺជាគោលដៅរួម សម្រាប់សន្តិភាព និងការអភិវឌ្ឍ មិនមែនដើម្បីបង្កភាពអសណ្តាប់ធ្នាប់ អសន្តិសុខសង្គមឡើយ។

អ្នកពាក្យរូបនេះបញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាការបណ្តុះគ្រឹះដ៏រឹងមាំសម្រាប់លើកកម្ពស់គុណតម្លៃរបស់អ្នកសារព័ត៌មាន និងធានាបាននូវការអនុវត្តតួនាទី ប្រកបដោយក្រមសីលធម៌ សមត្ថភាពបច្ចេកទេស និងការទទួលខុសត្រូវ ចំពោះសង្គមជាតិ ជាពិសេស គឺការពង្រឹងគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ស្របតាមប្រកាសលេខ ២៩៤ របស់ក្រសួងព័ត៌មានស្តីពី«លក្ខខណ្ឌគុណវុឌ្ឍិនិងវិជ្ជាជីវៈសារព័ត៌មាន»៕



Powered by Blogger.