ទណ្ឌិតជាក្មេងទំនើងជិត ៨០០នាក់ ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្ទេរទណ្ឌិតជាក្មេងទំនើង ចំនួន ៧៩០នាក់ ទៅអនុវត្តទោសបន្ត នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន
របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ
បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់
ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត
ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ ដូចជា ៖ ១.
មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់)៖ ចំនួន៦៥១នាក់។ ២.
ពន្ធនាគារខេត្តឧត្តរមានជ័យ៖ ចំនួន ១៣៩នាក់។
ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ
គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា
តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ
ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីបុព្វហេតុបម្រើជាតិ
និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។
កម្មវិធីបណ្តុះបណ្តាលទាំងនោះ រួមមាន
ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា
ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។
កម្មវិធីបណ្តុះបណ្តាលខាងលើនេះ
នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម
និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន៕




Post a Comment