និយ័តករធានារ៉ាប់រងកម្ពុជាបន្តផ្សព្វផ្សាយអំពីនីតិវិធីទទួល និងដោះស្រាយបណ្ដឹង ដើម្បីពង្រឹងទំនុកចិត្តពីសាធារណជន
កំពង់ឆ្នាំង៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង»ត្រូវបានរៀបចំទ្បើងដោយនិយ័តករធានារ៉ាប់រងកម្ពុជានាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន និងពង្រឹងទំនុកចិត្តលើសេវាធានារ៉ាប់រងនៅកម្ពុជា។
លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា
តំណាងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា
រួមទាំងមន្ត្រីរាជការ សិស្ស
និងសាធារណជនជាច្រើននាក់បានចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ។
លោកស្រី តាន់ លីនណា
អគ្គនាយករងនៃ និយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វិស័យធានារ៉ាប់រង គឺជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារដ៏សំខាន់មួយ
ដែលបាន និងកំពុងដើរតួនាទីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា។ លោកស្រីបន្ថែមថា
វិស័យនេះកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន
៣៩ ខណៈទំហំបុព្វលាភដុលមានប្រមាណ ៣៦៧លានដុល្លារអាម៉េរិក អត្រាភាគទានក្នុងសេដ្ឋកិច្ចប្រមាណ
១,១% និងដង់ស៊ីតេធានារ៉ាប់រងជាង ២០ដុល្លារអាម៉េរិកសម្រាប់មនុស្សម្នាក់។
លោកស្រីបានបញ្ជាក់ថា ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការជំរុញការប្រើប្រាស់សេវាធានារ៉ាប់រង
និងការអភិវឌ្ឍវិស័យនេះ។ ទន្ទឹមនឹងនេះ ការធានារ៉ាប់រងក៏ជាឧបករណ៍ហិរញ្ញវត្ថុដ៏មានសារៈសំខាន់
សម្រាប់ការពារហានិភ័យហិរញ្ញវត្ថុនាពេលអនាគតផងដែរ។
លោកស្រីសង្កត់ធ្ងន់ថា ដោយមើលឃើញពីកង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រង
និងដើម្បីកសាងទំនុកចិត្ត និងការពារដល់អ្នកប្រើប្រាស់ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលានេះឡើង
ក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រភេទនៃបណ្ដឹងធានារ៉ាប់រង នីតិវិធីនៃការដាក់ពាក្យបណ្ដឹង
និងតួនាទីរបស់និយ័តករក្នុងការដោះស្រាយបណ្ដឹងធានារ៉ាប់រង។
លោកស្រី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន
តាមរយៈការដាក់ពាក្យតវ៉ា ឬបណ្ដឹងមកនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងករណីមិនពេញចិត្ត ឬមិនទទួលបានសំណង
និងផលប្រយោជន៍ធានារ៉ាប់រងស្របតាមកិច្ចសន្យា។
លោកស្រីបានថ្លែងថា បច្ចុប្បន្ន និយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ឱ្យប្រើប្រាស់យន្តការថ្មីៗ
សម្រាប់ទទួលបណ្ដឹង ទាំងតាមផ្ទាល់ គេហទំព័រ និងកម្មវិធីបណ្ដឹងតាមទូរសព្ទដៃ ដើម្បីបង្កភាពងាយស្រួល
និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនសាធារណជន។
ក្រៅពីការផ្សព្វផ្សាយអំពីនីតិវិធីដោះស្រាយបណ្ដឹង សិក្ខាសាលានេះក៏មានគោលបំណងបើកវេទិកាពិភាក្សា
និងឆ្លើយសំណួរពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យធានារ៉ាប់រងនៅកម្ពុជា៕
Post a Comment