សម្តេចបវរធិបតី៖ ការផ្ទេរទណ្ឌិតជាក្មេងទំនើងទៅជួយការងារកងទ័ពជួរមុខ ក្នុងបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន
ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ដោយបានឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំនិងបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗដែលសមស្រប ដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្ម។
ជាក់ស្តែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ
អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន
៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត
ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ គឺ
មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ
ចំនួន ១៣៩នាក់។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២២
ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
បានចាត់ទុកការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ
និងលត់ដំខ្លួន តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ
ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង
និងដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិមុខផង។
សេចក្តីប្រកាសព័ត៌មាន
របស់អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា
កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់ទណ្ឌិតជាក្មេងទំនើង រួមមាន ជំនាញកសិកម្ម
ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា ការចាក់គម្របលេណដ្ឋាន
និងសំណង់បេតុងផ្សេងៗ
ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។
កម្មវិធីបណ្តុះបណ្តាលខាងលើនេះ
នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម
និងមន្ត្រីជំនាញផ្នែកកសាងលេណដ្ឋាន៕

Post a Comment