ប្រមុខ UN ស្វាគមន៍បទឈប់បាញ់រយៈពេល២សប្តាហ៍ រវាងអាមេរិកនិងអ៊ីរ៉ង់
យូអិន៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នាថ្ងៃអង្គារ ទី៧ ខែមេសា បានចូលរួមស្វាគមន៍បទឈប់បាញ់រយៈពេល២សប្តាហ៍ រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ហើយទទូចឱ្យភាគីទាំងអស់ធ្វើការ ដើម្បីឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា។
លោក Stephane Dujarric ដែលជាអ្នកនាំពាក្យរបស់លោក Guterres បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ថា «លោកអគ្គលេខាធិការ ស្វាគមន៍សេចក្តីប្រកាសអំពីបទឈប់បាញ់២សប្តាហ៍
ដោយសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ លោកប្រមុខ UN អំពាវនាវឱ្យភាគីទាំងអស់នៃជម្លោះមជ្ឈិមបូព៌ា
ប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ពួកគេនៅក្រោមច្បាប់អន្តរជាតិ
និងគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពមួយ
ដែលយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ នៅក្នុងតំបន់»។
សូមជម្រាបថា ត្រឹមជាងមួយម៉ោងប៉ុណ្ណោះ
មុនពេលឱសានវាទកម្ទេចប្រទេសអ៊ីរ៉ង់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
ត្រូវផុតកំណត់ សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានប្រកាសយល់ព្រមទទួលយកបទឈប់បាញ់
សម្រាប់រយៈពេល២សប្តាហ៍ ហើយបើតាមទីក្រុងតេហរ៉ង់
ភាគីទាំងពីរនឹងបើកកិច្ចពិភាក្សានៅប្រទេសប៉ាគីស្ថាន នាថ្ងៃសុក្រសប្តាហ៍នេះ
ដើម្បីចរចាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍៕ (AFP)

Post a Comment