ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋ ១,០០០គ្រួសារ ក្នុងស្រុកកំពង់ត្រាច

អត្ថបទ៖ ទ្រី ហៀន

​ខេត្តកំពត៖ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១,០០០ គ្រួសារ មកពីទូទាំងស្រុកកំពង់ត្រាច។

នៅក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំមកនូវមនោសញ្ចេតនាសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋ។ អំណោយដែលបានផ្ដល់ជូននាឱកាសនោះ រួមមាន អង្ករ និងថវិកា ដែលត្រូវបានបែងចែកជូនដល់ក្រុមគ្រួសារគោលដៅសំខាន់ៗ រួមមាន
​គ្រួសារវីរកងទ័ពជួរមុខ ដែលបានលះបង់ដើម្បីបុព្វហេតុជាតិ។ បងប្អូនភៀសសឹក និងកុមារកំព្រា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ រួមមាន
​ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច។
​ឯកឧត្តម អ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រាច។
​ឯកឧត្តម ង៉ាន់ ថារិទ្ធ និង ឯកឧត្តម ខាន់ សុខា អភិបាលរងនៃគណៈអភិបាលខេត្តកំពត។ ​ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ប្រតិភូអមដំណើរ អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ១,៥០០ នាក់។

សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការចុះជាប់ជាមួយមូលដ្ឋាន ដើម្បីដឹងសុខទុក្ខ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជាមួយគ្នានេះ វាក៏ជាការលើកទឹកចិត្តដល់វីរកងទ័ព និងគ្រួសារ ដែលជាបង្អែកដ៏រឹងមាំក្នុងការការពារបូរណភាពទឹកដី និងសន្តិភាព។

​ពិធីសំណេះសំណាលបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ដោយបានបន្សល់ទុកនូវស្នាមញញឹម និងក្ដីសង្ឃឹមសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច នាឱកាសត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕










Powered by Blogger.