UN ប្រចាំកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ លើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ លោកជំទាវ Vladanka
Andreeva បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ
និងបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា
ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេល១០ឆ្នាំមុន។ ទន្ទឹមនឹងនេះ
លោកជំទាវ ក៏បានលើកឡើងពីដំណើរទស្សនកិច្ចថ្មីៗទៅកាន់ប្រាសាទបន្ទាយឆ្មារ
ដោយបានកោតសរសើរថា ប្រាសាទនេះមានសម្រស់ស្រស់ស្អាតល្អប្រណិត និងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់បេតិកភណ្ឌខ្មែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី
បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្តែងការអបអរសាទរដល់លោកជំទាវ
ចំពោះការតែងតាំងជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា
ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមយ៉ាងសកម្មរបស់អង្គការសហប្រជាជាតិ
ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមនុស្សធម៌នៅកម្ពុជា កន្លងមក។
ក្នុងកិច្ចពិភាក្សានេះ
ភាគីទាំងពីរបានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា
និងអង្គការសហប្រជាជាតិ ជាពិសេសក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព
តាមរយៈការកែលម្អគោលនយោបាយ និងក្របខណ្ឌអនុវត្ត ការលើកកម្ពស់ស្តង់ដារទេសចរណ៍បៃតង
ការពង្រឹងសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ទេសចរណ៍
និងការជំរុញទេសចរណ៍ផ្អែកលើសហគមន៍ ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍
ការលើកទឹកចិត្តការចូលរួមរបស់យុវជន និងស្ត្រី
និងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការកសាងសមត្ថភាពធនធានមនុស្ស
រួមមានជំនាញបដិសណ្ឋារកិច្ច ជំនាញឌីជីថល និងជំនាញបៃតង
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍សម័យថ្មី។
ឆ្លៀតក្នុងឱកាសនេះ
ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព
ដូចជា ការអភិវឌ្ឍទេសចរណ៍ផ្អែកលើសហគមន៍ ការកែលម្អប្រព័ន្ធទិន្នន័យទេសចរណ៍
និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យទេសចរណ៍
និងពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ព្រមទាំងបន្តគាំទ្រយ៉ាងសកម្មដល់កម្ពុជា
ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យមានលក្ខណៈបរិយាបន្ន និងនិរន្តរភាព
ដើម្បីធានាថាកំណើនវិស័យនេះនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍មូលដ្ឋាន
និងស្របតាមគោលដៅអភិវឌ្ឍន៍សកល។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី
បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ
ក្នុងការគាំទ្រកម្ពុជាលើវិស័យសង្គម និងសេដ្ឋកិច្ច
ជាពិសេសការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព
និងភាពរឹងមាំ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ
និងការរីកចម្រើនសេដ្ឋកិច្ច ដែលជាមូលដ្ឋានសំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ
និងវិនិយោគិនអន្តរជាតិ
ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។
ជាកិច្ចបញ្ចប់
ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា
ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពប្រកួតប្រជែងខ្ពស់
ស្របតាមទិសដៅអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
របស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ផងដែរថា
កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៥៥ ហើយអង្គការសហប្រជាជាតិបានចូលរួមជួយគាំទ្រកម្ពុជាសំខាន់មួយនៅឆ្នាំ១៩៩១
តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ដែលជាគន្លឹះសម្រាប់ការស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា៕






Post a Comment