ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ ទទួលអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរយ៉ាដាវ
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោក ហេង ប៊ុន្នី អភិបាលស្រុក និងប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរយ៉ាដាវ បានដឹកនាំមន្រ្តីអនុសាខាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាស្រុកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិប៉ក់ពោរ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ហេង ប៊ុន្នី បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរនិងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើត ដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសារងគ្រោះ។ លោក បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាជនរងគ្រោះចំនួនគ្រួសារ នាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។






Post a Comment