កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីអភិវឌ្ឍវិស័យការងារ និងការកសាងធនធានមនុស្ស
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីការលើកកម្ពស់សិទ្ធិពលករ និងពីការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម និងបង្កើតបរិយាកាសកាន់តែប្រសើរដល់អ្នកវិនិយោគ។
នាឱកាសនោះ
ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម គីម ឆាងយ៉ុង
ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា
ព្រមទាំងបានថ្លែងអំណរគុណចំពោះកូរ៉េដែលតែងតែផ្តល់កូតាទទួលយក
និងសម្របសម្រួលផ្តល់ទិដ្ឋាការដល់ពលករខ្មែរ ដើម្បីបានទៅបំពេញការងារទាន់ពេលវេលាតាមតម្រូវការរបស់និយោជកកូរ៉េ
ជាពិសេសនៅក្នុងរដូវកាលដ៏មមាញឹកផ្នែកកសិកម្មនៅកូរ៉េ។
ការបើកឱកាសនេះបានធ្វើឱ្យប្រទេសកូរ៉េក្លាយជាក្តីស្រមៃមួយរបស់ពលរដ្ឋកម្ពុជា
ដោយសារថៅកែមានចិត្តល្អ ទទួលបានប្រាក់ឈ្នួលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងត្រឡប់មកវិញជាមួយនឹងជំនាញច្បាស់លាស់។
ឯកឧត្ដមបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ
និងការរួមចំណែកដ៏សំខាន់របស់កូរ៉េក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
(TVET), សុវត្ថិភាព និងសុខភាពការងារ, ការអភិវឌ្ឍសេវាកម្មការងារ និងប្រព័ន្ធឌីជីថល ក៏ដូចជាវិស័យសន្តិសុខសង្គម
និងការស្តារសមត្ថភាពឡើងវិញជាដើម។ ជាក់ស្តែង កាលពីថ្ងៃទី២០ ខែមេសា ម្សិលមិញ
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង KOICA បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី
“គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា”។
ទន្ទឹមនឹងនេះ
ឯកឧត្ដមក៏បានលើកឡើងពីកិច្ចខិតខំរួមគ្នារវាងក្រសួងការងារ
និងក្រសួងមហាផ្ទៃកម្ពុជាក្នុងការពង្រឹងយន្តការទប់ស្កាត់បទល្មើសអនឡាញ
ក៏ដូចជាការរឹតបន្តឹងការចេញបណ្ណការងារដល់ជនបរទេសដែលមិនមានប្រភពក្រុមហ៊ុនច្បាស់លាស់
ដើម្បីកាត់បន្ថយភាពងាយរងគ្រោះក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្មលើជនបរទេស
ដែលរួមមានទាំងជនជាតិកូរ៉េផងដែរ។
ជាការឆ្លើយតប ឯកឧត្តម គីម
ឆាងយ៉ុងមានប្រសាសន៍ថា
ឯកឧត្តមមានកិត្តិយសនិងក្តីរីករាយក្នុងបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា
ដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រដ៏យូរលង់ ជាមួយនឹងវប្បធម៌ដ៏ផូរផង់និងសម្បូរបែប
ដែលទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនឹងឈានដល់ខួប៣០ឆ្នាំ នៅឆ្នាំ២០២៧ ខាងមុខ។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា
ក៏ដូចជាក្រសួងការងារ ដែលកំពុងតែអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១
យ៉ាងសកម្មជាពិសេសលើផ្នែកអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា
និងឯកឧត្តម ហេង សួរ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកវិនិយោគ
និងពលរដ្ឋកូរ៉េនៅកម្ពុជា ក៏ដូចជាពលករកម្ពុជានៅកូរ៉េ តាមរយៈការអញ្ជើញទៅសួរសុខទុក្ខផ្ទាល់
ដែលបង្ហាញពីមិត្តភាពជាមួយកូរ៉េយ៉ាងពិតប្រាកដ
ជាពិសេសការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ កាលពីឆ្នាំ ២០២៥។
ដោយមើលឃើញពីភាពជោគជ័យនៃក្រុមការងារនេះ
ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតក្រុមការងារមួយលើយន្តការដែលមានស្រាប់ ដើម្បី
ដោះស្រាយបញ្ហាប្រឈមមួយចំនួនរវាងនិយោជក និងកម្មករនិយោជិតផងដែរ។
ភាគីទាំងពីរបានសម្តែងក្តីសោមនស្សរីករាយ សម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា
ហើយបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារឱ្យអស់ពីលទ្ធភាព
ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យការងារ
ជាមួយនឹងការជឿជាក់យ៉ាងមុតមាំថា
ភាពជាដៃគូដ៏រឹងមាំនេះនឹងបន្តនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង
និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕




Post a Comment