អធិការដ្ឋាននគរបាលក្រុងកែប ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញការចុះផ្សាយរបស់សារព័ត៌មាន «ម្លប់សន្តិភាព»

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ អធិការដ្ឋាននគរបាលក្រុងកែប សូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៦ មានសារព័ត៌មាន ឈ្មោះ គេហទំព័រ ម្លប់សន្តិភាព បានចុះផ្សាយមានខ្លឹមសារថា «ទីតាំងបនល្បែងលេងភ្នាល់ជល់មាន់អនឡាញនិងល្បែងបៀរដុះស្លែកំពុងបើកលេងយ៉ាងរលូន» ម្ចាស់ទីតាំងត្រូវបានគេស្គាល់ឈ្មោះ សែម ទ្រី នៅចំណុចខាងក្រោយសាលារៀនកែវក្រសាំង ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប គេមិនទាន់ឃើញមានសមត្ថកិច្ចជំនាញចុះបង្ក្រាបនៅឡើយទេ។

ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធការចុះផ្សាយខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក នូ សាម៉េត អធិការនគរបាលក្រុងកែប ឱ្យកម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សុខា អធិការរង ទទួលការងារសន្តិសុខ ចុះដល់ទីតាំងដែលបានចុះផ្សាយខាងលើភ្លាមៗ។

ដោយផ្អែកតាមការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងនោះជាលទ្ធផលពុំមានឃើញការប្រមូលផ្ដុំលេងល្បែងភ្នាល់ជល់មាន់អនឡាញ និងល្បែងបៀរ ដូចការផ្សាយនោះទេ ឃើញមានតែប្រជាពលរដ្ឋប្រមាណ ៤-៥ នាក់ កំពុងអង្គុយហូបកាហ្វេ នៅទីតាំងនោះតែប៉ុណ្ណោះ។

ចំពោះករណីខាងលើនេះ លោកវរសេនីយ៍ឯក អធិការ នៃអធិការដ្ឋាននគរបាលក្រុងកែប បានដាក់បទបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាមី ទទួលដឹកនាំដាក់កម្លាំងឃ្លាំមើល ត្រួតពិនិត្យទីតាំងនេះជាប់ជាប្រចាំដើម្បីបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពលួចលេងល្បែងស៊ីសងខុសច្បាប់។

អធិការនគរបាលក្រុងកែប ស្នើអង្គភាពសារព័ត៌មាន គេហទំព័រ ម្លប់សន្តិភាព កែតម្រូវខ្លឹមសារឡើងវិញស្របតាមច្បាប់ស្ដីពីសារព័ត៌មាន និងស្រាវជ្រាវរាប់ប្រភព ឲ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើការចុះផ្សាយ ដែលនាំឲ្យមហាជនមានការភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន ពិសេសបង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលនិងអង្គភាពអនុវត្តច្បាប់។

សេចក្តីដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាទទួលជ្រាបជាព័ត៌មាន៕






 

Powered by Blogger.