រុស្ស៉ី ថានឹងជួយដល់អាស៊ាន ដោះស្រាយវិបត្តិប្រេង
ម៉ានីល៖ ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergey Lavrov បានប្រាប់បេសកជនមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) អំពីការត្រៀមខ្លួនរបស់រុស្ស៉ី ដើម្បីជួយដល់ប្លុកដែលមានសមាជិក ១១ប្រទេស ក្នុងការដោះស្រាយវិបត្តិប្រេង ដែលបង្កឡើងដោយសារតែសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។
ស្ថានទូតហ្វីលីពីនប្រចាំប្រទេសរុស្ស៉ី
បានចែករំលែកព័ត៌មាននេះ បន្ទាប់ពីកិច្ចប្រជុំរវាងលោក Lavrov
ជាមួយបេសកជនអាស៊ាន
ដែលដឹកនាំដោយឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងមូស្គូ លោក Igor Bailen។
ក្នុងឱកាសនោះ លោក Lavrov
បានផ្លាស់ប្តូរទស្សនៈជាមួយបណ្តាឯកអគ្គរដ្ឋទូត
ស្តីពីការវិវត្តនៅមជ្ឈិមបូព៌ា និងបានបង្ហាញពីគោលជំហររបស់រុស្ស៉ី
ជាមួយកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយ។ លោក Lavrov ក៏បានធានាថា
រុស្ស៉ីនឹងជួយដល់ប្រទេសអាស៊ាន ជុំវិញតម្រូវការថាមពលបន្ទាន់ រួមទាំងប្រេងផងដែរ។
គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ
បានឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ
ចាប់តាំងពីផ្ទុះសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ នាំឱ្យច្រកសមុទ្រ Hormuz
ស្ទើរតែត្រូវបានបិទខ្ទប់ទាំងស្រុង។ ហ្វីលីពីន
ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ ទើបទទួលបានប្រេងឆៅដែលទិញពីរុស្ស៉ីជិត
២.៥លានបារ៉ែល កាលពីថ្ងៃចន្ទ៕

Post a Comment