ត្រាំ ប្រកាសបិទខ្ទប់ច្រកសមុទ្រហ័រមូស និងព្រមានស្ទាក់ចាប់នាវាណាដែលបានបង់ប្រាក់ឱ្យអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ នាថ្ងៃអាទិត្យនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានប្រកាសថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងចាប់ផ្តើមធ្វើការបិទខ្ទប់ច្រកសមុទ្រហ័រមូសឆាប់ៗនេះ ហើយក៏នឹងស្ទាក់ចាប់គ្រប់នាវាទាំងអស់នៅក្នុងដែនទឹកអន្តរជាតិ ដែលបានបង់ប្រាក់ថ្លៃឆ្លងកាត់ឱ្យទៅប្រទេសអ៊ីរ៉ង់ផងដែរ។
ការប្រកាសនេះត្រូវបានលោក ត្រាំ
ធ្វើឡើងតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក
និងអ៊ីរ៉ង់ បានបិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។ លោកបានបញ្ជាក់ថា
ជំនួបនេះដំណើរការទៅបានយ៉ាងល្អ ហើយចំណុចភាគច្រើនត្រូវបានឯកភាពគ្នា
ប៉ុន្តែភាគីទាំងពីរនៅតែមិនទាន់អាចឈានដល់ការព្រមព្រៀងគ្នាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេ។
មេដឹកនាំរូបនេះ
ដែលតែងតែប្រឆាំងយ៉ាងដាច់អហង្ការចំពោះការដែលអ៊ីរ៉ង់ទារប្រាក់ថ្លៃឆ្លងកាត់ពីនាវានានានោះ
បានសង្កត់ធ្ងន់ថា «ចាប់ពីពេលនេះតទៅ
កងទ័ពជើងទឹកអាមេរិកនឹងចាប់ផ្តើមដំណើរការបិទខ្ទប់រាល់នាវាទាំងអស់ដែលព្យាយាមចូល
ឬចាកចេញពីច្រកសមុទ្រហ័រមូស»។ លោកក៏បានព្រមានធ្ងន់ៗផងដែរថា
លោកបានបញ្ជាឱ្យកងទ័ពជើងទឹកស្វែងរក
និងស្ទាក់ចាប់នាវាណាដែលបានបង់ប្រាក់ខុសច្បាប់ឱ្យអ៊ីរ៉ង់
ដោយពួកគេនឹងមិនទទួលបានការឆ្លងកាត់ដោយសុវត្ថិភាពនៅលើដែនសមុទ្រអន្តរជាតិឡើយ៕ (Reuters)

Post a Comment