អភិបាលស្រុកតាំងគោក ដឹកនាំប្រជាពលរដ្ឋ វេចនំអន្សម នំកន្តំ នំកោ ទុកជូនដល់វីរកងទ័ព នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ខេត្តកំពង់ធំ៖ ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា និងលើកទឹកចិត្តដល់កងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន រដ្ឋបាលស្រុកតាំងគោក សហការជាមួយចៅអធិការវត្តក្តីតាចិន ស្ថិតនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំប្រជាពលរដ្ឋ វេចនំអន្សម នំកន្តំ នំកោ សរុបចំនួន ៩៥០នំ ដើម្បីយកទៅជូនដល់កងទ័ព ដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ថ្លែងនាឱកាសនោះលោក ហាក់ ម៉ុងហួត
អភិបាលស្រុកតាំងគោក បានមានប្រសាសន៍ថា ការរៀបចំការវេចនំនេះឡើង
គឺដើម្បីបង្ហាញនូវទឹកចិត្ត
ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់បងប្អូនកងទ័ព
ដែលកំពុងឈរ ជើងការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ
ហើយក៏ដូចជាបញ្ជាក់ពីទឹកចិត្តរបស់ជនរួមជាតិ ខ្មែរជួយខ្មែរ
ដែលជាការចូលរួមចំណែកលើកម្លាំងចិត្តក្នុងការការពារទឹកដី និងជាតិមាតុភូមិ។
អភិបាលស្រុកតាំងគោក
ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលារួមគ្នាធ្វើនំអន្សមដើម្បីជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ច
ឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ការពារបូរណភាពទឹកដី។
លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវដល់
បងប្អូនប្រជាពលរដ្ឋបន្តចូលរួមសកម្មភាព មនុស្សធម៌ ជួយដល់វីរកងទ័ពដែលកំពុង
តែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់ផុសផុល ដែលសកម្មភាពទាំងនេះ
គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្ត ដើម្បីការពារ
បូរណភាពទឹកដី ជាតិ មាតុភូមិ៕














Post a Comment