ស្ថានទូតចិន ចេញព្រមានពីល្បិចបោកបញ្ឆោតការងារប្រាក់ខែខ្ពស់នៅក្នុងប្រទេសថៃ
បាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃសុក្រ បានចេញសេចក្តីជូនដំណឹងព្រមានដល់ពលរដ្ឋខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះល្បិចបោកបញ្ឆោតដែលអូសទាញមនុស្សឱ្យទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្រោមរូបភាពផ្តល់ការងារដែលមានប្រាក់ខែខ្ពស់។
យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូត
ជនរងគ្រោះត្រូវបានគេល្បួងតាមរយៈការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ចំណូលច្រើន
ឬកញ្ចប់ទេសចរណ៍តម្លៃថោក ប៉ុន្តែនៅពេលទៅដល់
ពួកគេត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់
ដូចជាការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអនឡាញជាដើម។
ជនរងគ្រោះមួយចំនួនបានប្រឈមនឹងការបង្ខាំងសេរីភាព ការរំលោភបំពានលើរាងកាយ
និងការឃុំខ្លួនដោយខុសច្បាប់ ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជីវិត
និងសិទ្ធិសេរីភាពផ្ទាល់ខ្លួន។
ស្ថានទូតបានអំពាវនាវដល់ពលរដ្ឋចិន
កុំឱ្យជឿលើការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមដែលសន្យាពី «ការងារក្រៅប្រទេសដោយគ្មានលក្ខខណ្ឌ» ឬ «ការងារប្រាក់ខែខ្ពស់»។ ក្នុងករណីមានអាសន្ន
ជនរងគ្រោះត្រូវផ្តល់អាទិភាពដល់សុវត្ថិភាពផ្ទាល់ខ្លួន ហើយទាក់ទងទៅប៉ូលិសមូលដ្ឋាន
ឬស្ថានទូតចិនប្រចាំប្រទេសថៃជាបន្ទាន់៕

Post a Comment