ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ៖ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមប៉ះពាល់ដល់សន្តិសុខ តែប៉ះដល់ទេសចរណ៍-សេដ្ឋកិច្ច

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើឱ្យប៉ះពាល់ទៅវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្រៅពីប៉ះពាល់ ដល់សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ។

ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នៅព្រឹកថ្ងៃទី៣ ខែមីនា ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ មានប្រសាសន៍ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាក្តីកង្វល់រួម នៅទូទាំងពិភពលោក ។ ក្នុងនោះ កម្ពុជាជាប្រទេសមួយក្នុងចំណោម ប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ។

 ឯកឧត្តមថា ក្រៅពីការប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានប៉ះពាល់ដល់ទេសចរណ៍និងសេដ្ឋកិច្ចផងដែរ ។ ឯកឧត្តមសង្កត់ធ្ងន់ថា “ឧក្រិដ្ឋកម្មនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា ទាំងលើផ្នែកសន្តិសុខ ទេសចរណ៍ការវិនិយោគ និងវិស័យសេដ្ឋកិច្ច ព្រមទាំងលើកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជានៅលើឆាកអន្តរជាតិ” ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បន្ថែមថា តាមរយៈការឆបោកតាមប្រព័ន្ធអនឡាញនេះ មានករណីសម្លាប់យុវជនកូរ៉េម្នាក់ នៅខេត្តកំពតនាពេលកន្លងមកនោះ បានធ្វើឱ្យអ្នកទេសចរកូរ៉េលែង ធ្វើដំណើរមកកម្ពុជា ។ ជាក់ស្តែង សំបុត្រយន្តយន្តហោះ និងការកក់សណ្ឋាគារនានា ត្រូវបានលុបចោលវិញទាំងអស់ ពីសំណាក់ពលរដ្ឋកូរ៉េ៕






Powered by Blogger.