​ស្នងការខេត្តកំពត ចេញបម្រាមដាច់ខាត ហាមលេងគប់ទឹក និងលាបម្សៅ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ដើម្បីរក្សានូវសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងតម្លៃវប្បធម៌ប្រពៃណីជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញសេចក្តីណែនាំ និងអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់យុវជន និងក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យបញ្ឈប់ការលេងល្បែងដែលមិនមែនជាប្រពៃណីខ្មែរ។

​យោងតាម ផេកស្នងការរដ្ឋាននគរបាលខេត្តកំពត​ថ្ងៃទី៦ ខែមេសាឆ្នាំ២០២៦ ក្នុងការផ្សព្វផ្សាយជាសាធារណៈ លោកស្នងការ បញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តកំពតទាំងមូល មិនអនុញ្ញាត ឱ្យមានការលេងកម្សាន្តដូចជា ការគប់ទឹក ឬជះទឹក ដាក់អ្នកដំណើរតាមដងផ្លូវ ​ប៉ាតម្សៅនៅតាមទីតាំងសាធារណៈ។ ​បម្រាមនេះត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុតនៅតាម៖ គ្រឹះស្ថានសិក្សាគ្រប់កម្រិត) ទីតាំងសក្ការៈបូជា និងកន្លែងប្រារព្ធពិធីសាសនា) និងតាមដងផ្លូវនានាទូទាំងខេត្ត។

យ៉ាងណា ​ការដាក់ចេញនូវវិធានការនេះ គឺក្នុងគោលបំណងបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការគប់ទឹក ការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់ការលេងល្បែងប្រជាប្រិយខ្មែរឱ្យមានភាពថ្លៃថ្នូរ សមរម្យ ជាកុលបុត្រកុលធីតាខ្មែរ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានសង្កត់ធ្ងន់ផងដែរថា កម្លាំងសមត្ថកិច្ចនឹងធ្វើការតាមដាន និងរៀបចំសណ្តាប់ធ្នាប់ ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត នឹងទទួលបាននូវភាពរីករាយ សុវត្ថិភាព និងភាពកក់ក្តៅបំផុត៕



Powered by Blogger.