លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកា Boao សម្រាប់អាស៊ីនិងថ្លែងសុន្ទរកថាគន្លឹះ
បរទេស៖ ព្រឹកថ្ងៃទី ២៦ ខែមីនា នៅ Boao ខេត្ត Hainan លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកា Boao សម្រាប់អាស៊ី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា « ក្តាប់ជាប់ទិសដៅដ៏ត្រឹមត្រូវ រួមគ្នាកសាងអនាគតដ៏ល្អបវរ» ។
លោក Zhao Leji បានថ្លែងថា ឆ្នាំនេះជាខួប ២៥ ឆ្នាំនៃការបង្កើតវេទិកា Boao សម្រាប់អាស៊ី។ ២៥ ឆ្នាំកន្លងផុតទៅ វេទិកានេះបានក្លាយជា « ស្លាកយីហោមាស » មួយសម្រាប់ជំរុញប្រទេសអាស៊ីនិងបណ្តាប្រទេសលើសកលលោកឱ្យធ្វើការផ្លាស់ប្តូរគ្នា និងរួមសាមគ្គីគ្នាដើម្បីការអភិវឌ្ឍរួម ។ ក្នុងពិភពលោកសព្វថ្ងៃនេះ បំណងប្រាថ្នារបស់ប្រជាជនគ្រប់ប្រទេសដែលចង់បានសន្តិភាពនិងវឌ្ឍនភាពគឺកាន់តែខ្លាំងឡើងៗសំឡេងអំពាវនាវឱ្យមានសច្ចយុត្តិធម៌ក៏កាន់តែខ្លាំងឡើងៗដែរ ។
លោក Zhao Leji បានគូសបញ្ជក់ថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលបានចង្អុលបង្ហាញទិសដៅដ៏ត្រឹមត្រូវសម្រាប់ការអភិវឌ្ឍក្នុងនិម្មាបនកម្មពិភពលោកដែលបម្រែបម្រួលមិនដែលមានក្នុងរយៈពេលមួយរយឆ្នាំកន្លងទៅ។ យើងគួរសមស្របនឹងចរន្តនៃយុគសម័យ រួមគ្នាកសាងផ្ទះអាស៊ីយើងឱ្យបានល្អ ពួតដៃគ្នាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ដើម្បីបង្កើតអនាគតល្អបវរមួយដែលប្រកបដោយភាពសុខសាន្ត សុខដុមរមនា សហប្រតិបត្តិការឈ្នះ-ឈ្នះ សច្ចយុត្តិធម៌ គោរពរាប់អានគ្នានិងជឿទុកចិត្តគ្នាទៅវិញទៅមក។
លោក Zhao Leji បានបន្តថា ប្រទេសចិនយកចិត្តទុកដាក់ជានិច្ចចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងកែលម្អគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ហើយស្របនឹងពេលខិតខំអភិវឌ្ឍប្រទេសខ្លួន ចិនក៏បានជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសផងដែរ។ ចិនជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោក។ ផែនការ ៥ ឆ្នាំទី ១៥ បានកំណត់គោលដៅនិងភារកិច្ចសំខាន់របស់ចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ប្រទេសចិននឹងបន្តបើកទូលាយកម្រិតខ្ពស់ថែមទៀត ដើម្បីចែករំលែកឱកាសជាមួយគ្រប់ប្រទេស។
តំណាងជាង ១៦០០ នាក់ដែលមកពីមជ្ឈដ្ឋាននយោបាយ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម បញ្ញវន្ត និងប្រព័ន្ធសារព័ត៌មាននៃប្រទេសនិងតំបន់លើសពី ៦០ បានចូលរួមកិច្ចប្រជុំពេញអង្គលើកនេះ៕

Post a Comment