រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការអភិវឌ្ឍវិស័យព័ត៌មាន មានសារៈសំខាន់ដើម្បីផ្តល់ទំនុកចិត្តជូនពលរដ្ឋទទួលបានព័ត៌មានពិត រហ័ស និងគ្រប់ជ្រុងជ្រោយ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា គឺមានសារៈសំខាន់ ក្នុងការផ្តល់សេចក្តីទុកចិត្តជូនប្រជាពលរដ្ឋ ឱ្យទទួលបានព័ត៌មានពិត ត្រឹមត្រូវ លឿន និងគ្រប់ជ្រុងជ្រោយ។
ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យសម្រេចលើឯកសារក្របខ័ណ្ឌទស្សនាទាន គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងក្របខ័ណ្ឌទស្សនាទានសម្រាប់ការរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នាសាលព្រះវិហារ នៃទីស្ដីការក្រសួងព័ត៌មាន។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្រា់កិច្ចប្រជុំនាពេលនេះដើម្បីពិនិត្យនិងពិភាក្សាលើឯកសារ សំខាន់ៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា
ការរួមគ្នាធ្វើកិច្ចការងារនេះ គឺមានសារៈសំខាន់ក្នុងការធ្វើឱ្យវិស័យទូរទស្សន៍
និងសារព័ត៌មាន មានភាពទំនើប ប្រកបដោយគុណភាព និងមានការទទួលខុសត្រូវខ្ពស់
ក្នុងការផ្តល់ព័ត៌មាន ត្រឹមត្រូវ ទាន់ពេលវេលា និងអាចទុកចិត្តបានជូនប្រជាពលរដ្ឋ។
ដូច្នេះ ការរៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល
និងការរៀបចំឡើងវិញច្បាប់ស្តីពី របបសារព័ត៌មាន គឺត្រូវធ្វើឡើងដោយឈរលើមូលដ្ឋាន
ភូមិសាស្រ្ត វិទ្យាសាស្ត្រ និងបរិបទ។
ជាមួយគ្នានេះដែរ
រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបន្ថែមថា ការរៀបចំនេះដោយឈរលើប្រវត្តិច្បាស់លាស់
បញ្ហាប្រឈម ភាពត្រឹមត្រូវដែលត្រូវយកមកអនុវត្ត
និងការសម្រេចចិត្តមួយដោយឈរលើមូលដ្ឋាននៃការពិចារណា យ៉ាងច្បាស់លាស់
ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
ក្នុងឱកាសនោះដែរ
លោក សាន ពុទ្ធារី ប្រធាននាយកដ្ឋានសោតទស្សន៍ និងជាសមាជិកក្រុមការងារ បច្ចេកទេស
គ.ប.ក បានលើកឡើងថា ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) គឺជាកម្លាំងចលករជំរុញឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យទាំងវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ
សោតទស្សន៍ ក៏ដូចជា៖ វិស័យទូរគមនាគមន៍ សេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថល។
លោកបានបន្ថែមថា
វឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថល បានក្លាយទៅជាគោលដៅដ៏សំខាន់របស់ប្រទេសជាច្រើន
នៅលើសកលលោក ក្នុងការអភិវឌ្ឍទូរទស្សន៍ឌីជីថល តាមរយៈការផ្លាស់ប្តូរ
ការផ្សាយទូរទស្សន៍ពីប្រព័ន្ធ អាណាឡូកទៅប្រព័ន្ធឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព
ផលិតភាព គុណភាព វិសាលភាព និងល្បឿន នៃការបញ្ជូនទិន្នន័យ មាតិកាផ្សាយ
ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងការចូលរួមពីធុរជន
ក្នុងប្រតិបត្តិការអាជីវកម្មលើវិស័យប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍៕





Post a Comment