UN ថ្កោលទោសសង្គ្រាមនៅអ៊ីរ៉ង់ថា បំពានធម្មនុញ្ញអន្តរជាតិ
ហ្សឺណែវ៖ ក្រុមបេសកកម្មស្វែងរកការពិតឯករាជ្យរបស់អង្គការសហប្រជាជាតិ (UN) នាថ្ងៃពុធនេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដោយចាត់ទុកថាទង្វើទាំងនេះបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញរបស់ UN។
តាមរយៈសេចក្តីថ្លែងការណ៍
ក្រុមអ្នកស៊ើបអង្កេតបានសម្តែងការតក់ស្លុតយ៉ាងខ្លាំង
ចំពោះការទម្លាក់គ្រាប់បែកចំសាលាបឋមសិក្សាកុមារី Shajareh Tayyebeh ក្នុងទីក្រុង Minab កាលពីថ្ងៃសៅរ៍
ដែលបណ្តាលឱ្យសិស្សស្រីអាយុពី ៧ ទៅ ១២ឆ្នាំជាច្រើននាក់ស្លាប់។ ស្របពេលជាមួយគ្នានេះ
ក្រុមអ្នកជំនាញដាច់ដោយឡែកមួយទៀតរបស់ UN ក៏បានបញ្ជាក់ដែរថា
កុមារជាង ១៦០នាក់ហើយ ដែលត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ។
របាយការណ៍បានសង្កត់ធ្ងន់ថា ប្រជាជនអ៊ីរ៉ង់កំពុងរងទុក្ខវេទនាដោយជាប់គៀបរវាងភ្លើងសង្គ្រាម
និងការរំលោភសិទ្ធិមនុស្សពីរដ្ឋាភិបាលក្នុងស្រុក។ ទន្ទឹមគ្នានេះ ស្ថាប័ន UN មួយនេះបានព្រមានចំៗថា ការប្រើប្រាស់កម្លាំងយោធាសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់
រួមទាំងមេដឹកនាំកំពូល លោក អាលី ខាមេណី គឺមិនមែនជាមធ្យោបាយដែលអាចទទួលយកបាន
ក្នុងការស្វែងរកយុត្តិធម៌ក្រោមច្បាប់អន្តរជាតិឡើយ៕ (Reuters)

Post a Comment